ក្រសួង​ការងារ ​ស្នើ​ឲ្យ​កម្មករនិយោជិត​ ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា

21-August-2016 | ដោយ មែន កំសត់

ភ្នំពេញ ៖ ខណៈដែលការបោះឆ្នោត នឹងឈានចូលមកដល់នៅឆ្នាំ២០១៧ខាងមុខ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឲ្យកម្មករនិយោជិតទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

នៅក្នុងសេចក្តីជូនដំណឹង ស្តីពីការចុះឈ្មោះបោះឆ្នោត របស់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដែលចេញនៅថ្ងៃទី១៨ សីហា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា យោងតាមសេចក្តីជូនដំណឹងស្តីពី ឯកសារសម្រាប់បម្រើឲ្យការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈសូមជម្រាបជូនដំណឹងដល់រោងចក្រសហគ្រាសគ្រឹះស្ថាននិងកម្មករនិយោជិតទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវស្មារតីនៃសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ។

សេចក្តីជូនដំណឹង បន្តថា បើក្នុងករណីកម្មករនិយោជិតមានចម្ងល់ សូមទំនាក់ទំនងជាមួយការិយាល័យចុះឈ្មោះបោះឆ្នោតដែលនៅជិតរោងចក្រ សហគ្រាស គ្រឹះស្ថាន ឬទីសំណាក់របស់កម្មករនិយោជិត។

សេចក្តីជូនដំណឹង របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ ឯកសារសម្រាប់ឲ្យការចុះបោះឆ្នោត មានដូចជា ប្រជាពលរដ្ឋខ្មែរត្រូវមានអាយុ ចាប់ពី ១៨ឆ្នាំឡើងទៅ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវទៅបង្ហាញខ្លួនដោយផ្ទាល់ចំពោះមុខអាជ្ញាធរ ឃុំ សង្កាត់ ដើម្បីសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោត៕

 

ចំនួនអ្នកទស្សនា

    20683227

  • ថ្ងៃនេះ2451
  • ម្សិលមិញ3511
  • សប្តាហ៍នេះ15101
  • ខែនេះ240771
  • ឆ្នាំនេះ240771
  • សរុប20683227