ភ្នំពេញ៖ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលត្រូវបានគេដឹងថា ជាព្រះសង្ឃសកម្មក្នុងការងារសង្គមដែលគាំទ្រដល់បក្សប្រឆាំងនិងវាយប្រហារខ្លាំងៗមករាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងអំឡុងពេលបុណ្យសពលោកបណ្ឌិត កែម ឡី នាពេលកន្លងមក ត្រូវបានរាជរដ្ឋាភិបាលនិមន្តអោយចូលរួមវេទិកាមួយក្រោមអធិបតីរបសើសម្តេចតេជោ ហ៊ុន សែននៅព្រឹកនេះ។
នៅព្រឹកថ្ងៃទី២២ ខែសីហាខាងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុង វេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ នៅវិមានសន្តិភាព សាលាប្រជុំរំដួល វេលាម៉ោង ៧៖៣០នាទីព្រឹក។
កម្មវិធី វេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» នេះគឺរៀបចំឡើងដោយក្រសួងបរិស្ថាន, ដោយក្រសួងក៏បានសូមនិមន្តព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធានអង្គការព្រះពុទ្ធសាសនា ដើម្បីសន្តិភាព និងជាស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម និងកញ្ញា ធី សុវណ្ណថា អតីតជាសកម្មជនដ៏ល្បីមួយរូបរបស់បក្សប្រឆាំង ដែលបច្ចុប្បន្នជាប្រធានអង្គការ «យុវជន និងកិច្ចការសង្គម»ដើម្បីចូលរួមនៅក្នុងវេទិកានោះផងដែរ។
ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានមានសង្ឃដីកាថា ព្រះអង្គសម្រេចនិមន្តចូលរួមកិច្ចពិភាក្សាអំពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ដែលដឹកនាំកិច្ចប្រជុំដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២២ សីហា នាវិមានសន្តិភាពបន្ទាប់ពីព្រះអង្គទទួលបានព័ត៌មានបន្ថែមពីសហការីរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថា របៀបវារៈនៃកិច្ចពិភាក្សានោះ គឺមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយទេ។
ព្រះអង្គមានថេរដីកាប្រាប់អាស៊ីសេរី ថា នេះជាឱកាសដ៏ល្អរបស់ព្រះអង្គក្នុងការផ្ដល់មតិយោបល់ ជាពិសេសផ្ដល់របាយការណ៍ជាប់ទាក់ទងនឹងតំបន់ព្រៃឡង់ ដែលព្រះអង្គបានចុះល្បាតកន្លងទៅ ជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕