ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានជាថ្មីម្តងទៀតថា សម្តេចនឹងមិនចុះហត្ថលេខាស្នើលើកលែងទោសឲ្យប្រធានគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួនលោក សម រង្ស៊ី ទៀតឡើយ ជុំវិញការប្រមាថយ៉ាងធ្ងន់ធ្ងដល់សម្តេចនិងគ្រួសារសម្តេច ដោយសម្តេចចាត់ទុកថា ការប្រមាថកន្លងមកនេះ មិនមែនត្រូវធ្វើការប៉ះប៉ូវតូចនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុង វេទិកាស្តីពីការការពារនិងអភិរក្សធនធានធម្មជាតិនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ ដោយមានអ្នកចូលរួមពីសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័នរដ្ឋ អង្គទូត ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសកម្មជនអភិរក្សធនធានធម្មជាតិមួយចំនួនទៀត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា “... ខ្ញុំនឹងមិនចុះហត្ថលេខាស្នើលើកលែងទោសឱ្យ ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលបានប្រមាថធ្ងន់ធ្ងរដល់ខ្ញុំ និងគ្រួសារខ្ញុំឡើយ ការប្រមាថកន្លងមកនេះ មិនមែនត្រូវធ្វើការប៉ះប៉ូវតូចនោះទេ...”។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកភាពឈឺចាប់ រឿងគេប្រមាថសម្តេចកិត្តិព្រឹទ្ធបណ្ឌិតថាជាប្រពន្ធមេដឹកនាំវៀតណាម ឡេដឹកថ និងប្រមាថលោក ហ៊ុន ម៉ាណែត ថាជាកូនរបស់ ឡេដឹក ថ។
សម្តេចថានេះមិនមែនជាសិទ្ធិបញ្ចេញមតិនោះទេ។ និយាយដល់រឿងនេះ សម្ដេចតេជោ បានបង្ហាញអារម្មណ៍សោកស្តាយដោយអមនឹងទឹកភ្លែករលីងរលោង នៅពេលរលឹកដល់ការឈឺចាប់ រឿងការប្រមាថ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងកូនប្រុសរបស់សម្តេចបែបនេះ៕