កំពង់ចាម ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រតិតកម្ម ដោយច្រានចោលចំពោះការរិះគន់របស់គណបក្សប្រឆាំងថា សម្តេចកំពុងដើរឃោសនា រកសម្លេងឆ្នោត និងស្វែងរកប្រជាប្រិយភាពតាមរយៈការសាងសង់អគារសិក្សានិងសមិទ្ធិនានាផ្សេងៗជូនគ្រូៗ និងសិស្សានុសិស្ស នៅតាមបណ្តាខេត្តនានា។
ការប្រតិកម្មនេះ បានថ្លែងឡើងក្នុងឱកាសដែលសម្ដេចបានជួបជាមួយមន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែសីហា។
ដោយបានចាត់ទុកថា សកម្មភាពនេះគឺជាការកសាងសមិទ្ធិផលដើម្បីការពង្រឹងវិស័យអប់រំនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថាចំពោះការចោទប្រកាន់នោះ សម្តេចបានចោទសួរថានៅពេលអស់លោកបក្សប្រឆាំងចុះធ្វើសកម្មភាពនៅតាមមូលដ្ឋាន និងសាលារៀនវិញនោះ បែរជាថានេះជាសិទ្ធិបញ្ចេញមតិ ចុះហេតុអ្វីនៅពេលនេះចោទសម្តេចថាជាសកម្មភាពស្វែងប្រជាប្រិយ និងសម្លេងឆ្នោតទៅវិញ។
សម្ដេចថា ចំពោះការស្រឡាញ់ និងបោះឆ្នោតរបស់ប្រជាពលរដ្ឋគឺសិទ្ធិរបស់ពួកគាត់ មិនអាចទៅហាមឃាត់សិទ្ធិគាត់បានទេ។
សម្តេចតេជោ បានប្រសាសន៍ដូច្នេះថា “...គាត់ស្រែកជយោគណបក្សប្រជាជនកម្ពុជា ជយោសម្តេចតេជោ ហ៊ុន សែននេះជាសិទ្ធិរបស់គាត់ ទៅខ្ទប់មាត់គាត់មិចកើត.....ខ្ញុំមកដោះស្រាយសាលា...”។
នៅក្នុងដំណើរទស្សនកិច្ចនោះ សម្ដេចក៏បានចួលជួបជាមួយ លោកគ្រូ អ្នកគ្រូ និងសិស្សានុស្ស នៅអនុវិទ្យាល័យបឹងកុក ខេត្តកំពង់ចាម និងបានប្រកាសផ្តល់អគារសិក្សា មួយខ្នងដល់ពួកគេ ដែលមានកំពស់៣ជាន់ និងបន្ទប់ចំនួន ១៨ ដើម្បីបំពេញតម្រូវការកើនឡើង របស់សិស្ស។លើសពីនេះទៀត សម្ដេចក៏បានផ្ដល់ អគារសិក្សាមួយខ្នង ២ ជាន់ ១២ បន្ទប់ អគារទីចាត់ការ និងផ្ទះគ្រូជូនដល់អនុវិទ្យាល័យចំការលើទៀតផង។
ក្រៅពីនេះ បន្ទាប់ពីបញ្ចប់កិច្ចសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់ក្នុងខេត្តកំពង់ចាមនៅម៉ោងប្រមាណ១១និង១០នាទី ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លៀតជួបសំណេះសំណាលជាមួយសិស្ស កុមារគថ្លង់ និង បុគ្គលិកនៅអង្គការគ្រួសារថ្មីខេត្តកំពង់ចាម ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ជាង១០០នាក់៕