មន្ត្រី​តុលាការ​ខេត្តក្រចេះ ប្រឈមមុខ​ដាក់គ្នា​រឿង​ជំនួញ​ឈើ​ប្រណីត​ខុសច្បាប់​

26-August-2016 | ដោយ មែន កំសត់

 

ប្រជាពលរដ្ឋ​ក្នុង​ខេត្តក្រចេះ កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​ទៅលើ​សំណុំរឿង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ ចាត់វិធានការ​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​ខុសច្បាប់​របស់​ព្រះរាជអាជ្ញារង​ម្នាក់ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​យកទៅ​ស្នាក់ការ​កងរាជអាវុធហត្ថ កាលពី​យប់​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៦​។ តាម​ការអះអាង​ពី​សមត្ថកិច្ច​តូចតាច​មួយចំនួន​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ការប្រឈមមុខ​ដាក់គ្នា​រវាង​លោក ធុច បញ្ច​សន្តិភាព ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ និង​លោក សោរ វុទ្ធី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ អាច​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ផលប្រយោជន៍​ពាក់ព័ន្ធ​ជំនួញ​ឈើ​ប្រណីត​ខុសច្បាប់​។ ដូច្នេះ​អភិបាល​ខេត្តក្រចេះ លោក សរ ចំ​រ៉ុង ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរពិនិត្យមើល​ភាពមិនប្រក្រតី​ក្នុង​ស្ថាប័ន​តុលាការ​ខេត្តក្រចេះ​ផងដែរ​។​

​ប្រភពពី​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា កាលពី​ម៉ោង​១១​យប់​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៦ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​មួយចំនួន​ឃាត់​រថយន្ត​ដឹកឈើ​១​គ្រឿង​ដែល​សង្ស័យថា ជា​របស់លោក សោរ វុទ្ធី ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​ខេត្តក្រចេះ​។ នៅក្នុង​ប្រតិបត្តិការ​នោះ​មានការ​ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់ នៅ​ចំណុច​ផ្អាក ក្នុងភូមិ​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ហើយ​បញ្ជូន​ទាំង​មនុស្ស​ទាំង​វត្ថុតាង​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ស្នួល ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ វត្ថុតាង​ដែល​បង្ក្រាបបាន​រួមមាន រថយន្ត​១​គ្រឿង​ដឹកឈើ​សុ​ក្រំ​មានមុខ​កាត់​ខ្នាត​ធំៗ​ពី​០.៣០​ទៅ​០.៥០​ម៉ែត្រ​និង​ប្រវែង​បណ្ដោយ​៣​ម៉ែត្រ ហើយ​មានការ​រៀបចំ​សំណុំបែបបទ​បញ្ជូន​ឈើ​ទៅ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់ការ​ផងដែរ​។

មន្ត្រីរាជការ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​ការដែល​លោក ធុច បញ្ច​សន្តិភាព ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ បង្ក្រាប​ជំនួញ​ឈើ​ប្រណីត​ខុសច្បាប់​របស់លោក សោរ វុទ្ធី ជា​ព្រះរាជអាជ្ញារង​គ្មានអ្វី​ក្រៅពី​ទំនាស់​ផលប្រយោជន៍​នោះទេ គឺ​សង្ស័យ​លោក សោរ វុទ្ធី មិន​យល់​ពី​សេចក្ដីត្រូវការ​របស់​ចៅហ្វាយនាយ​។ ឈើ​សុ​ក្រំ​ដែល​លោក ធុច បញ្ច​សន្តិភាព ដឹកនាំ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ទាំង​ពាក់កណ្ដាល​យប់នោះ គឺ​គេ​ដឹក​ចេញពី​ចំណុច​ភូមិ​១០៥​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បម្រុង​នាំចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ដេ​២ ស្រុក​ស្នួល ខេត្តក្រចេះ​។ ទន្ទឹមនឹងនេះ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា លោក សោរ វុទ្ធី បាន​ធ្វើជា​ខ្នងបង្អែក​របស់​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​ស្រុក​យួន​ជា​យូរ​មកហើយ ប៉ុន្តែ​ដោយសារ​ទំនាស់​ផលប្រយោជន៍​ទើប​លោក ធុច បញ្ច​សន្តិភាព ចាត់វិធានការ​បង្ក្រាប​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ​តែម្តង​៕

 

 

ចំនួនអ្នកទស្សនា

    21182477

  • ថ្ងៃនេះ4401
  • ម្សិលមិញ4851
  • សប្តាហ៍នេះ27261
  • ខែនេះ137841
  • ឆ្នាំនេះ740021
  • សរុប21182477