កំពង់ចាម៖ ប្រជាពលរដ្ឋក្រីក្រ ចំនួនពីរគ្រួសារបាន ដង្ហើយសុំដី សម្រាប់សង់លំនៅស្ថានឡើងវិញ ទៅកាន់សប្បុរសជិតឆ្ងាយ ពិសេសសពីសំណាក់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ។ ដោយហេតុថាដី របស់ពួកគាត់ ដែលស្ថិតក្នុង ភូមិព្រះអណ្តូងទី២ ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់នោះ ត្រូវបានទឹកទន្លេមេគង្គ ឆក់ស្រូបយកចូលក្នុងទឹកអស់ កាលពីសប្តាហ៍កន្លងទៅនេះ ។
លោកថោ វេង មេភូមិព្រះអណ្តូងទី២ បានឲ្យ ដឹង នៅថ្ងៃទី២៩សីហាថា ផ្ទះពីរគ្រួសារ ដែលរងគ្រោះដោយសារច្រាំងទន្លេបាក់ដី អស់ហើយផ្ទះរុះរើចេញផុត នោះឈ្មោះ ប្រាក់ ធានអាយុ ៧៦ឆ្នាំ និង ប្រពន្ធឈ្មោះ ឯម ងេន អាយុ ៦៥ ឆ្នាំ មានសមាជិកក្នុងគ្រួសារសរុប ៥ នាក់ផ្ទះសង់ពីឈើប្រក់ជ័រកៅស៊ូទំហំ ៥ ម៉ែត្រគុណនឹង ៦ ម៉ែត្រ។ឯមួយគ្រួសារទៀតមានសមាជិកចំនួន ៥នាក់ដែរឈ្មោះ គង់ គា ៣៧ ឆ្នាំ និង ប្រពន្ធឈ្មោះ ឆន ពៅ អាយុ ៣៦ ឆ្នាំមានផ្ទះសង់ពីឈើប្រក់ស័ង្កសីទំហំ ៦ ម៉ែត្រគុណនឹង ៨ម៉ែត្រ។
លោកមេភូមិ បានឲ្យដឹងទៀតថាផ្ទះពីរខ្នង ដែលរុះរើដោយការបាក់ច្រាំងរបស់ទន្លេមេគង្គនោះ គឺពួកគាត់ពុំមានដីឯណាសម្រាប់ សង់លំនៅស្ថានឡើងវិញទេ ។ ដោយប្រដាប់ប្រដាគ្រឿងផ្ទះដែលខាងអាជ្ញាធរ និង សមត្ថកិច្ចបានមកជួយរុះរើកាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៦ បានប្រមែប្រមូលផ្ញើនៅផ្ទះ អ្នកជិតខាងដែលច្រាំងទន្លេ មិនទាន់បាក់មកដល់ ហើយបានសុំគេសង់ខ្ទមស្នាក់នៅ បណ្តោះអាសន្ន ។
អ្នកស្រីឆន ពៅ បានឲ្យដឹង នៅថ្ងៃទី២៩ សីហា នេះដែរថាដី របស់អ្នកស្រី និងឪពុកក្មេក ដែលបានក្លាយ ជាចំណីទឹកទន្លេមេគង្គ អស់នោះមាន ទំហំ៧,៥០ ម៉ែត្រគុណនឹង១០០ម៉ែត្រ គឺប៉ុនគ្នានឹងដី របស់ឪពុកខ្លួនដែរ ។ ប៉ុន្តែពេលនេះ បានបាក់ស្រុត ចូលទន្លេអស់ហើយ គឺពុំមានដីសម្រាប់សង់ ផ្ទះឡើងវិញទេ ។ ហេតុនេះមានតែសុំអំពាវនាវ ដល់សប្បុរសជនជិតឆ្ងាយ ពិសេសប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សូមសម្តេចមេត្តា ជួយផ្តល់ដីដល់គ្រួសារនាងនិងឪពុក ដើម្បីបានសង់លំនៅស្ថានឡើងវិញ បានរស់នៅសមរម្យផងចុះ។
លោកអំ សេងអ៊ូ មេឃុំព្រះអណ្តូង បានឲ្យដឹង ដែរថាចំនួន ពីរគ្រួសារខាងលើនោះ គឺពិតជាត្រូវទឹកទន្លេមេគង្គ បានបាក់ស្រូបយកដីរបស់ ពួកគាត់ចូលក្នុងទឹកទន្លេអស់មែន ។ ដោយខាងអាជ្ញាធរ យើងពុំដីឯណា សម្រាប់សង់ លំនៅស្ថានឡើងវិញមែន ។ ព្រោះថាកន្លងមក អាជ្ញាធរខេត្តកំពង់ចាម បានសំណើសុំដីសម្បទានសង្គកិច្ចនៅខេត្តកំពង់ធំនោះ គឺបានតែឃុំពាមកោះស្នាប៉ុណ្ណោះ៕