ថ្មីៗនេះប្រជាពលរដ្ឋនៅភូមិទួលវិហារ ឃុំជីរោទ៍២ ស្រុកត្បូងឃ្មុំ បានអំពាវនាវឲ្យលោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ ក៏ដូចជានាយខណ្ឌរដ្ឋបាលជលផលខេត្ត ចាត់វិធានការទប់ស្កាត់បទល្មើសនេសាទចាប់កូនត្រីល្អិតៗដែលកំពុងកើតឡើងយ៉ាងអនាធិបតេយ្យក្នុងបឹងក្រចាប់។ ប្រជាពលរដ្ឋបានលើកឡើងថា ប្រសិនបើគ្មានការទប់ស្កាត់បទល្មើសប្រើឧបករណ៍ខុសច្បាប់ចាប់កូនត្រីល្អិតៗឲ្យបានទាន់ពេលវេលាទេនោះ គឺធនធានមច្ឆជាតិក្នុងបឹងក្រចាប់ កាន់តែហិនហោចទៅៗជាមិនខាន។ ទន្ទឹមនឹងនេះប្រជាពលរដ្ឋបានរិះគន់ថា មន្ត្រីអាជ្ញាធរឃុំ ក៏ដូចជាសមត្ថកិច្ចនគរបាលឃុំជីរោទ៍២ ហាក់ដូចជាមានភាពយឺតយ៉ាវក្នុងការទប់ស្កាត់បទល្មើសដែលកំពុងកើតឡើងយ៉ាងរាលដាល បើទោះបីពួកគាត់បានរាយការណ៍ជាបន្តបន្ទាប់ក៏ដោយ។
តាមការអះអាងរបស់ប្រជាពលរដ្ឋជាច្រើននាក់រស់នៅក្នុងភូមិទួលវិហារ ឃុំជីរោទ៍២ ស្រុកត្បូងឃ្មុំ បានឲ្យដឹងថាក្នុងមួយថ្ងៃៗមានក្រុមជនល្មើសប្រើឧបករណ៍ស្បៃម៉ុងខុសច្បាប់ចាប់កូនត្រីតូចៗនៅក្នុងបឹងក្រចាប់ រាប់តោនទៅលក់ឲ្យម៉ូយរបស់ពួកគេ។ ប្រជាពលរដ្ឋបានកត់សម្គាល់ថា បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់បានផ្អាកភ្លាមៗនៅពេលមន្ត្រីរដ្ឋបាលជលផលចុះទៅបង្ក្រាប ប៉ុន្តែនៅពេលមន្ត្រីរដ្ឋបាលជលផលត្រឡប់ទៅវិញបទល្មើសកើតឡើងដដែល ដោយសារតែមន្ត្រីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចក្នុងមូលដ្ឋានមិនចាត់វិធានការតាមច្បាប់ទៅលើក្រុមជនល្មើស។ បច្ចុប្បន្នមានបទល្មើសលូស្បៃម៉ុងជាច្រើនវង់មានប្រវែងបណ្ដោយពី១០ម៉ែត្រទៅ៥០ម៉ែត្រ ឬលើសពីនេះត្រូវបានគេពង្រាយក្នុងបឹងក្រចាប់ដើម្បីចាប់យកកូនត្រីល្អិតៗនៅក្នុងរដូវបិទនេសាទ ហើយមន្ត្រីជំនាញមិនសូវយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសតាមតួនាទីរបស់ខ្លួននោះទេ។
ដោយសារតែព្រួយបារម្ភចំពោះការហិនហោចនៃធនធានមច្ឆជាតិក្នុងបឹងក្រចាប់នោះហើយ ទើបប្រជាពលរដ្ឋភូមិទួលវិហារ ឃុំជីរោទ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ អំពាវនាវឲ្យលោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ និងនាយខណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ ចាត់វិធានការបង្ក្រាបបទល្មើសនេសាទនៅក្នុងបឹងក្រចាប់ជាបន្ទាន់។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា បឹងក្រចាប់នៅរដូវទឹកឡើងមានទំហំ៦ទៅ៧គីឡូម៉ែត្រក្រឡា ហើយរដូវទឹកស្រកមានទំហំពី១០ទៅ២០ហិកតា ផលត្រីនៅក្នុងបឹងនោះអាចផ្គត់ផ្គង់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានគ្រប់គ្រាន់ប្រសិនបើគ្មានបទល្មើសដូចសព្វថ្ងៃ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យអាជ្ញាធរខេត្ត និងមេរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ ចាត់វិធានការទប់ស្កាត់បទល្មើសនេសាទឲ្យបានទាន់ពេលវេលាតាមរយៈធ្វើការឃាត់ខ្លួនក្រុមជនល្មើសយកទៅផ្ដន្ទាទោសតាមច្បាប់៕