ភ្នំពេញ៖ លោក ស៊ិន ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបញ្ជាក់ឲ្យដឹងថា ដំណើរការចុះឈ្មោះបោះឆ្នោតគ្រប់ការិយាល័យ នៅទូទាំងប្រទេសដំណើរការល្អជាធម្មតា មានបញ្ហាតែ២ការិយាល័យប៉ុណ្ណោះ ដោយសារបញ្ហាភ្ជាប់ Internet ទៅកាន់ Server ។ លោក ស៊ិន ប៊ុនហុកថា បញ្ហានេះ ត្រូវបានក្រុមបច្ចេកទេស បានព្យាយាមសម្រួលបានទាន់ពេលវេលា មិនបានបញ្ហាអ្វីចោទឡើយ ។ ការិយាល័យ ដែលមានបញ្ហាមាននៅខេត្តកណ្តាល និងខេត្តកំពង់ចាម។
លោក ស៊ិន ប៊ុនហុក ប្រធាន គ.ជ.ប បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានបែបនេះ ខណៈលោក អញ្ជើញចូលរួមចុះឈ្មោះបោះឆ្នោតថ្មី នៅព្រឹកថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៦ នៅការិយាល័យ បឹងកេងកង៣ ស្ថិតនៅរាជធានីភ្នំពេញ។
លោក ស៊ិន ប៊ុនហុក បានបន្ថែមទៀតថា នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ថ្ងៃបើកឆាកដំបូងនៃការចុះឈ្មោះបោះឆ្នោត ថ្ងៃដំបូង គឺមានប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ បានទៅចុះឈ្មោះបោះឆ្នោតដោយសប្បាយរីករាយ និងបានកាន់អត្តសញ្ញាណប័ណ្ណគ្រប់គ្នា។ លោក ស៊ិន ប៊ុនហុក បានបន្តថា នេះ គឺជាសញ្ញាមួយដ៏ល្អសម្រាប់ គ.ជ.ប ហើយ លោករំពឹងថា ការចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រនេះគឺ មានភាពសុក្រឹត្យ និងងាយស្រួលជាងមុន។
ជាមមួយគ្នានោះដែរ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការហោះហើរឧទ្ធម្ភាគចក្រ និងហ្វឹកហ្វឺនបើកកាណូតរបស់កងកម្លាំង កាលពីម្សិលមិញ មិនបានប៉ះពាល់ដល់ការបោះឆ្នោតទេ។ លោកបន្តថា ដំណើរការចុះឈ្មោះបោះឆ្នោត នៅព្រឹកថ្ងៃនេះដំណើរល្អជាធម្មតា។
ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ដែលត្រូវជាថ្ងៃដំបូងនៃបើកឲ្យមានការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មី សម្តេចតេជោ បានអំពាវនាវជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
ការចុះឈ្មោះបោះឆ្នោតមានរយៈពេល៣ខែ ចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញានេះ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ អ្នកដែលមិនបានទៅចុះឈ្មោះបោះឆ្នោត គឺគ្មានសិទ្ធិបោះឆ្នោតនោះទេ។
សម្តេតជោ ហ៊ុន សែន បានសរសរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ នេះគឺជាថ្ងៃចាប់ផ្តើម ចុះឈ្មោះបោះឆ្នោតរហូតដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ ខ្ញុំសូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទូទាំងប្រទេស សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត នៅតាមមណ្ឌលចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។ សូមជូនពរជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អទាំងអស់គ្នា»។
យោងតាមស្ថិតិរបស់ គ.ជ.ប បានឲ្យដឹងថា ក្នុងចំណោមប្រជាពលរដ្ឋជាង ១៥លាននាក់ មានរស់នៅក្នុងឃុំសង្កាត់១៦៨៤ឃុះសង្កាត់អ្នកគ្រប់អាយុបោះឆ្នោតចាប់ពី ១៨ឆ្នាំឡើង ទៅប្រមាណ ៩,៦៦៤,២១៤នាក់។
លោក អាដាជី អ៉ីតស៊ុ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ការចុះឈ្មោះ បោះឆ្នោតថ្មី តាមកុំព្យូទ័រនេះនឹងធ្វើឲ្យការចុះឈ្មោះបោះឆ្នោតថ្មីនៅកម្ពុជា ល្អប្រសើរជាងមុន។ លោក អាដាជី អ៉ីតស៊ុ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅការិយាល័យចុះឈ្មោះបោះឆ្នោត បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក អាដាជី អ៉ីតស៊ុ ប្រធាន JICA កម្ពុជា បានបញ្ជាក់ឲ្យដឹងថា «ខ្ញុំសូមថ្លែងអំណរគុណ ការចុះឈ្មោះនេះ ដំណើការទៅដោយរលូនខុសពីការគិត របស់ខ្ញុំពីមុនថាអាចនឹង មានការងារមួយចំនួន មិនទាន់រៀបចំបាន និងដំណើរការដោយរលូនដូចពេលនេះ។ មានតម្លាភាព និងមានប្រជាពលរដ្ឋចូលរួម យ៉ាងច្រើនកុះករ។ចំពោះការ សហការរបស់ជប៉ុនរយៈពេល ១ឆ្នាំកន្លះមកនេះ យើងបានជួយច្រើនវិស័យទៅដល់ គ.ជ.ប រួមមាន ការផ្តល់ម៉ាស៊ីន Server សម្រាប់រក្សាទុកបញ្ជីអ្នកបោះឆ្នោតឲ្យមានសុវត្ថិភាព និងក្រោយមានក៏មានការសហការផ្តល់ជាទីប្រឹក្សាឲ្យ គ.ជ.ប ក្នុងការចងក្រងក្របខណ្ឌគតិយុត្តិមួយចំនួន ដូចជា សៀវភៅណែនាំ និងគោលការណ៍ណែនាំនានា ដែលទាក់ទងទៅហ្នឹង ការបោះឆ្នោតដូចជា ការចុះបញ្ជីបោះឆ្នោត ការសង្កេតការណ៍បោះឆ្នោត មានជំនួយការជប៉ុន៣រូបក្នុងហ្នឹង មានខាង IT ខាងបច្ចេកទេស និងអ្នក ផ្តល់ការប្រឹក្សាពាក់ព័ន្ធ នឹងការបោះឆ្នោតជាដើម»។
លោក អាដាជី អ៉ីតស៊ុ បានបញ្ជាក់បន្ថែមថា គជប មានការខិតខំប្រឹងប្រែងណាស់ធ្វើយ៉ាងណា ឲ្យការចុះឈ្មោះបោះឆ្នោតថ្មី តាមបច្ចេកវិទ្យាកុំព្យូទ័រនេះ ធ្វើឲ្យការចុះឈ្មោះបោះឆ្នោតជៀសវាង បាននូវការចោទប្រកាន់ដូចមុន។
គួរបញ្ជាក់ថា JICA គឺជាដៃគូសហការមួយដ៏ល្អ ជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។ ជាដៃគូដែលតែងតែជួយសម្រូល ទាំងសំភារៈ និងការសម្រូលបច្ចេកទេសជាច្រើនទៀត។
នាឱកាសនោះប្រធាន គ.ជ.បរូបនេះ ក៏បាន អរគុណដល់ម្ចាស់ជំនួយ ដែលបានជួយសម្រូលការងារ និងផ្តល់ជាសំភារៈបច្ចេកទេស ដល់ គ.ជ.ប ក្នុងការរៀបចំការបោះឆ្នោតនេះផងដែរ៕