ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ នាអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងកិច្ចប្រជុំលើកទី១របស់គណៈកម្មការដឹកនាំគម្រោងការងារនគរបាល និងសហគមន៍ដែលមានការអញ្ជើញចូលរួមពី លោកជំទាវ Benita Sommerville លេខាទូតទី១ ស្ថានទូតអូស្ត្រាលី ប្រចាំព្រះរាជណាចក្រកម្ពុជា លោក John Rennie ប្រធានគម្រោងការងារនគរបាល និងសហគមន៍ (CPI) មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីគម្រោងជាច្រើនរូបផងដែរស្ថិតក្រោម អធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការគម្រោងការងារនគរបាល និងសហគមន៍ ។
មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកឡើងថា គណៈកម្មការគម្រោងនគរបាល និងសហគមន៍ ហៅកាត់ថា CPI បានសម្រេចជ្រើសរើសរាជធានី-ខេត្តចំនួន៤ ដើម្បីដាក់ឲ្យដំណើរការនូវគម្រោងការងារនគរបាល និងសហគមន៍ ដែលគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី លើទឹកប្រាក់ចំនួនជាង៤លានដុល្លារអូស្ត្រាលី។
ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ធថារិទ្ធ ប្រសាសន៍ថា៖ មានរាជធានី-ខេត្ត ចំនួន ៤ នោះរួមមាន៖រាជធានីភ្នំពេញ,បាត់ដំបង,ព្រៃវែងនិងខេត្តក្រចេះបានសម្រេចជ្រើសរើសដើម្បីធ្វើសកម្មភាពក្នុងគម្រោងការងារនគរបាល និងសហគមន៍នេះ ដែលជួយគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលីនេះ នឹងជួយឲ្យនគរបាលមូលដ្ឋាន គឺនគរបាលប៉ុស្តិ៍រដ្ឋបាល និងស្នងការដ្ឋានរាជធានី-ខេត្ត មានសមត្ថភាពគ្រប់គ្រាន់ក្នុងការពង្រឹង និងដឹកនាំប៉ុស្តិ៍រដ្ឋបាលឲ្យធ្វើការងារប៉ុស្តិ៍រដ្ឋបាល និងសហគមន៍។ហើយផែនការអាទិភាពចំនួន៤ដែលនឹងត្រូវយកទៅអនុវត្តន៍នៅក្នុងគម្រោងនេះរួមមាន៖ ការងារទប់ស្កាត់ និងបង្កាបទល្មើសគ្រឿងញៀននៅតាមសហគមន៍, ទប់ស្កាត់ និងកាត់បន្ថយអំពើហឹង្សាលើស្ត្រី និងកុមារ, បញ្ហាសុវត្ថិភាពនៅមូលដ្ឋាន និងល្បែងស៊ីសង។
គួរបញ្ជាក់ផងដែរថា៖ គម្រោងនេះគឺមានរយៈពេលបីឆ្នាំ ក្រោមជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ថវិកាចំនួន៤លាន២សែនដុល្លាអូស្តាលី ដល់នគរបាលកម្ពុជាដើម្បីអនុវត្តន៍នូវគម្រោងការងារនគរបាល និងសហគមន៍នេះ ដើម្បីបង្ហាត់បង្រៀនជួយដល់នគរបាលកម្ពុជាបង្កើនការទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីសហការគ្នាក្នុងការរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ៕