សម្តេច​ក្រឡាហោម ស ខេង ៖ មន្ត្រី​អនុវត្ត​ច្បាប់ មិនត្រូវ​ជាប់​ពាក់ព័ន្ធ ឬ​នៅ ពីក្រោយ​សកម្មភាព​ឧក្រិដ្ឋ ឡើយ​

29-March-2017 | ដោយ ពល បញ្ញា

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង បាន​ណែនាំ​ឲ្យ​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ធ្វើការ​ពង្រឹង ក្រមសីលធម៌​វិជ្ជាជីវៈ ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​ធានាថា​មន្ត្រី​អនុវត្ត​ច្បាប់​របស់ខ្លួន ពិតជា​គ្មាន​ជាប់​ពាក់ព័ន្ធ ឬ​នៅ ពីក្រោយ​សកម្មភាព​ឧក្រិដ្ឋ​ទាំង​នេះឡើយ​។​


​ការ​ថ្លែង​បែបនេះ​គ្រា​ដែល សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តំណាង​ដ៏ ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ ឆ្នាំ​២០១៧ នា​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៧​នេះ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​


​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា “ មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់ ត្រូវ​សហការ​ឲ្យ​បានល្អ​ជាមួយ ស្ថាប័ន​តុលាការ ដើម្បី​បន្ត​អនុវត្ត​ឲ្យ មាន​ប្រសិទ្ធភាព និង​តម្លាភាព​ក្នុងការ​ពង្រឹង​នីតិវិធី​កសាង​សំណុំ រឿង និង​រក​ភស្តុតាង​ដាក់បន្ទុក​ស្ថាន​ទម្ងន់ទោស​ឲ្យ​ស្របតាម​ច្បាប់​កម្ពុជា ដោយ​គ្មាន​ការ​សម្រាល ចំពោះ​ឧក្រិដ្ឋជន​គ្រឿងញៀន​”​។​ជំរុញ​ឲ្យ​មន្ត្រី​អនុវត្ត​ច្បាប់​គ្រប់​ប្រភេទ​បន្ត​យកចិត្តទុកដាក់​ធ្វើ​សកម្មភាព ប្រមូល​ព័ត៌មាន ស្រាវជ្រាវ​ស៊ើបអង្កេត ដើម្បី​បង្ការ ទប់ ស្កាត់ និង​បង្ក្រាប​បទល្មើស គ្រឿងញៀន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ពិសេស​ទប់ស្កាត់​ឲ្យ​បាន​មុន​កុំ​ឲ្យ​ក្រុម ឧក្រិដ្ឋជន​មាន លទ្ធភាព​ចរាចរ គ្រឿងញៀន​ចូល  និង​ឆ្លងកាត់​ប្រទេស​កម្ពុជា​។​


​សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍​លើកឡើងថា តាមរយៈ​គណៈកម្មការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿង ញៀន ៦​ខែ លើក​ទី​១​នេះ យើង​ចាំបាច់​ត្រូវតែ​គិតគូរ​លើកទឹកចិត្ត​ដល់​មន្ត្រី​អនុវត្តន៍​ច្បាប់ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំង ឡាយ បើសិន​ការបង្ក្រាប​ចាប់បាន​គ្រឿងញៀន​បាន ១​គីឡូក្រាម នឹង​ផ្ដល់​ប្រាក់រង្វាន់​ចំនួន​៤០​លាន​រៀល ប្រហែលជា​១​ម៉ឺន​ដុល្លារ​អាមេរិក ជាការ​លើកទឹកចិត្ត​។​


​យោងតាម​របាយការណ៍​ឆ្នាំ​២០១៦ អ្នកប្រើប្រាស់​គ្រឿងញៀន​សរុប​មាន​ចំនួន ២០៦២១​នាក់​លើ ១៦៥៧៥​នាក់ នៃ​ឆ្នាំ​២០១៥ កើនឡើង​៤០៤៦​នាក់ ស្មើ​និង​២៤,៤១​ភាគរយ ៕

ចំនួនអ្នកទស្សនា

    20666437

  • ថ្ងៃនេះ2791
  • ម្សិលមិញ4251
  • សប្តាហ៍នេះ29381
  • ខែនេះ223981
  • ឆ្នាំនេះ223981
  • សរុប20666437