ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយឯក មួន សារ៉ន អគ្គស្នងការរងនគរបាលជាតិបានណែនាំដល់កងកម្លាំងនគរបាលជាតិ ត្រូវមានចំណេះដឹងខ្ពស់ ផ្នែកច្បាប់ សីលធម៌ វិទ្យាសាស្ត្រនគរបាល និងជំនាញឯកទេសនានា ដើម្បីបម្រើដល់ប្រទេសជាតិ និងប្រជាជន។
ការថ្លែងបែបនេះគ្រាដែល ឯកឧត្តម ឧត្តមសេនីយឯក មួន សារ៉ន អគ្គស្នងការរងនគរបាលជាតិ អញ្ជើញជា អធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញអន្តរាគមន៍ពិសេស ជំនាញការពារ ទប់ស្កាត់ បាតុកម្ម-កូដកម្ម និងជំនាញសង្គ្រោះទូទៅ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នៅអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការនគរបាលជាតិ ។
ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ ថ្លែង ក្រើនរំលឹកដល់នគរបាលជាតិត្រូវប្រុងប្រយ័ត្នជានិច្ច កុំធ្វេសប្រហែសលើបញ្ហាសន្តិសុខរបស់ប្រទេសជាតិ ជាពិសេសកុំមានការធ្វេសប្រហែសចំពោះសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។លើសពីនេះទៀត កម្លាំងនគរបាលជាតិគម្បីមានភាពឈ្លាសវៃ គួបផ្សំសមត្ថភាព យល់ដឹងខ្ពស់ដើម្បីដោះស្រាយរាល់បញ្ហាឲ្យទាន់ពេលវេលាហេតុនេះហើយវគ្គបំប៉នជំនាញអន្តរាគមន៍ពិសេស ជំនាញការពារ ទប់ស្កាត់ បាតុកម្ម-កូដកម្ម និងជំនាញសង្គ្រោះទូទៅនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការរួមចំណែកពង្រឹងសមត្ថភាពដល់កងកម្លាំងនគរបាលជាតិ ពាក់ព័ន្ធនឹងជំនាញ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ និងពង្រឹងកិច្ចសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធនានា។
តាមរបាយការណ៍វគ្គបំប៉នជំនាញអន្តរាគមន៍ពិសេស ដែលអានដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា ប្រធានអង្គភាពអន្តរាគមន៍ បានឲ្យដឹងថា វគ្គបំប៉នដែលបានបិទនាពេលនេះ គឺបានដំណើរការចាប់ផ្តើមពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ដែលមានសិក្ខាកាមចំនួន ៣០០នាក់ មានរយៈពេល ៣ខែ ដែលមានវគ្គជំនាញអន្តរគមន៍ពិសេស ជំនាញការការពារ និងទប់ស្កាត់កូដកម្ម និងបាតុកម្ម និងជំនាញសង្គ្រោះទូទៅ ពិសេសវគ្គនេះបានផ្តោតសំខាន់ទៅលើការអនុវត្តជាក់ស្តែងច្រើនជាងការសិក្សាទ្រឹស្តី ៕