បាត់ដំបង ៖ ប្រជាកសិករប្រមាណជាង១០០នាក់ បានលើកគ្នាដង្ហែជាបាតុកម្មអហឹង្សា ដោយមានបដាព្រោងព្រាតបិទពីមុខមធ្យោបាយធ្វើដំណើររបស់ពួកគាត់ផងបានធ្វើការបិទលើកំណាត់ផ្លូវដែលបែកជា៣ ដែលជាផ្លូវឆ្ពោះទៅកាន់បណ្តាស្រុកមួយចំនួនជាប់ខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ធ្វើអោយមានការកកស្ទះចរាចរណ៍អស់រយៈពេលជាច្រើនម៉ោងផងដែរ ដោយសារតែបញ្ហាតម្លៃកសិផលដែលពួកគាត់ធ្វើបានវាមានកម្រិតទាបខ្លាំងពេក។ ចាប់ផ្តើមពីម៉ោង៨ ព្រឹក ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវបែកជា៣ស្ថិតក្នុងភូមិ៣០ ឃុំតាក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានប្រជាកសិករប្រមាណជា ១៣០នាក់ ដោយមានការហែរហមនូវ រថយន្ត គោយន្តច្នៃ និងត្រាក់ទ័រ សរុបចំនួន ២៣ គ្រឿង ដោយខ្លះមានដឹកកសិផលរបស់ពួកគាត់មកជាមួយផង និងមានការសរសេរជា បដា បិទពីមុខមធ្យោបាយធ្វើដំណើររបស់ពួកគាត់ បានមកប្រមូលផ្តុំគ្នាយ៉ាងពពាក់ពពូន រហូតដល់ម៉ោងប្រមាណ ៩ ព្រឹក ថ្ងៃដដែល ទើបពួកគាត់បានធ្វើសកម្មភាពបិទលើកំណាត់ផ្លូវទាំង៣ខ្សែនោះទាំងស្រុងតែម្តង ។
ស្ថិតក្នុងសភាពដ៏វឹកវរនេះដែរ គេសង្គេតឃើញមានវត្តមានលោកអភិបាលស្រុកនិងលោកអភិបាលស្រុករង ដែលរួមដំណើរដោយលោក គឹម ពន្លក អធិការនគរបាលស្រុកកំរៀងផងនោះ បានចុះទៅដល់ទីតាំងខាងលើដើម្បីចង់ដឹងអំពីបញ្ហាដែលបានកើតឡើង និងដើម្បីរកវិធីណាមួយក្នុងការរកដំណោះស្រាយជូនពួកគាត់ ។
ក្នុងនោះផងដែរ ប្រជាកសិករទាំងអស់បានលើកឡើងនូវសំណូមពរមួយចំនួនដើម្បីអោយអាជ្ញាធរជួយដោះស្រាយបន្ទាន់ ដោយសំណើរទាំងនោះរួមមាន ទី១.សុំអោយពោតមានតម្លៃ ៣,៥បាត ក្នុងមួយគីឡូក្រាមថេរ ទី២. សុំអោយច្រកចេញចូលទៅកាន់ទីផ្សារប្រទេសថៃ យកតម្លៃអោយសមស្របតាមរដ្ឋកំណត់ ៣. សុំអោយរដ្ឋត្រួតពិនិត្យឡើងវិញទៅលើជញ្ជីងដែលដាក់នៅតាមសាយឡូដោយធ្វើយ៉ាងណាអោយមានភាពសុក្រិតនិង ទី៤. សុំអោយមានថៅកែច្រើននាក់ ក្នុងការចូលទៅទិញកសិផលរបស់ពួកគាត់ កុំអោយមានតែថៅកែម្នាក់ គឺវាអាចទម្លាក់តម្លៃអោយចុះថោកទៅតាមបបូរមាត់ ។
រហូតមកទល់នឹងម៉ោង១និង៣០ នាទី រសៀលថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៧ នេះប្រជាកសិករទាំងនោះនៅមិនទាន់រំសាយទៅកាន់លំនៅដ្ឋានរបស់ពួកគាត់វិញនៅឡើយទេដោយសារតែការរកដំណោះស្រាយនៅមិនទាន់មានតម្លាភាព និងតុល្យភាព ដែលពួកគាត់អាចទទួលយកបាន ៕