ប្រទេសថៃ ៖ ពលករខ្មែរសរុបចំនួន៣២នាក់ ត្រូវបានក្រុមតម្រួតថៃ រួមជាមួយនឹងកម្លាំងអន្តោប្រវេសន៍ធ្វើការឃាត់ខ្លួននៅក្នុងខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីពួកគេទាំងអស់គ្នាបានជឿនិងទុកចិត្តទៅលើមេខ្យល់ ដោយសន្យាថានឹងនាំអោយដល់ទីក្រុងបាងកកដើម្បីធ្វើការងារនៅទីនោះ ដោយមិនចាំបាច់មានលិខិតស្នាមអ្វីនោះឡើយ ។
ការឃាត់ខ្លួនពួកគេនេះគឺបានធ្វើឡើងនៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខវត្តស្រះហ្លួង ក្នុងឃុំណងសាំង ស្រុកអារញ្ញប្រាក់ថេត ខេត្តស្រះកែវគឺដោយមានការសង្ស័យទៅលើរថយន្តតួរីសមួយគ្រឿង ពាក់ស្លាកលេខ បាងកក៣២.០៨៤១ ដែលបានបើកបរក្នុងល្បឿនយ៉ាងលឿន ដោយមានទិសដៅចេញពីស្រុកគោកខ្យូង ឆ្ពោះទៅកាន់ទីក្រុងបាងកក និងដោយមានចេតនាចង់បុកទម្លុះបារ៉ាស់តម្រួតផងដែរ ។
រថយន្តដែលគេសង្ស័យថា មានបទល្មើសនោះគឺអ្នកបើកបរមានឈ្មោះ អ៊ុស្មាន ស៊ូឡុង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិ៧ ឃុំតាលុពោធិ ស្រុកមឿង ខេត្តប៉ាតានី ចំណែកនៅក្នុងរថយន្តនោះមានពលករខ្មែរសរុបចំនួន៣២នាក់ ដែលក្នុងនោះប្រុស១៩នាក់ និងស្រី១៣នាក់ ដោយមានការញាត់ណែនតែម្តង ។
នៅចំពោះមុខសមត្ថកិច្ច អ្នកបើកបររថយន្តបានសារភាពថា ខ្លួនគ្រាន់តែជាអ្នកស៊ីឈ្នួលបើករថយន្តអោយគេតែប៉ុណ្ណោះ ដោយក្នុងមួយជើងៗទទួលបានប្រាក់ពី១៥០០បាតទៅ២០០០ បាត គឺដឹកពីស្រុកគោកខ្យូង ទៅកាន់ទីក្រុងបាងកក ។ ចំណែកពលករខ្មែរដែលគ្មានឯកសារអ្វីពាក់ព័ន្ធបន្តិចទាល់តែសោះនោះ បានសារភាពថា ពួកគេទាំងអស់គ្នាគឺធ្វើដំណើរមកពីខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ និងមានបំណងទៅធ្វើការនៅក្នុងទីក្រុងបាងកក តាមការអះអាង និងធានាពីសំណាក់មេខ្យល់ខ្មែរ ដោយពួកគេក្នុងម្នាក់ៗត្រូវបង់លុយអោយទៅមេខ្យល់នោះ៣០០០បាត ។
បច្ចុប្បន្នទាំងមធ្យោបាយធ្វើដំណើរ ក៏ដូចជាអ្នកបើកបរ ព្រមទាំងពលករខ្មែរទាំងអស់ត្រូវបានក្រុមតម្រួតជំនាញ នាំយកទៅកាន់អធិការដ្ឋាន ស្រុកអារញ្ញប្រាក់ថេត ដើម្បីធ្វើការសាកសួរបន្តទៅតាមនីតិវិធី ៕