សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ បានធ្វើដំណើរតាម ឧទ្ធម្ភាគចក្រទៅកាន់ខេត្តស្ទឹងត្រែង ដើម្បីជួបសំណេះសំណាលសាកសួរសុខទុក្ខនាយទាហានជាន់ខ្ពស់ នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានយោធភូមិភាគទី១ ស្ថិតនៅទីរួមខេត្តស្ទឹងត្រែង។
នៅចំពោះមុខនាយទាហានជាន់ខ្ពស់ នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានយោធភូមិភាគទី១ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា គោលបំណងនៃការចុះ មកកាន់ខេត្តស្ទឹងត្រែងរបស់សម្តេចនៅថ្ងៃនេះ គឺជួបសំណេះសំណាលជាមួយបងប្អូននាយទាហាន នាយទាហានរងពលទាហានទាំងអស់ នៃយោធភូមិភាគទី១ ដែលបានខិតខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព ពិសេសការអត់ធ្មត់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការការពារបូរណភាពទឹកដី ក្នុងដំណាក់កាលដែលកងទ័ពឡាវធ្វើការឈ្លានពានចូលទឹកដីកម្ពុជា នៅតំបន់ព្រំដែនខេត្តស្ទឹងត្រែងកាលពីដើមឆ្នាំ២០១៧កន្លងទៅ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ក្រៅពីការជួបសំណេះសំណាលនិង សាកសួរសុខទុក្ខចំពោះបងប្អូនទាំងអស់ សម្តេចនឹងធ្វើការដោះស្រាយនូវរាល់ការលំបាក របស់បងប្អូនយើង ពិសេសការបង្កើតឡើងនូវកងពលតូចអន្តរាគមន៍ថ្មីមួយទៀត នៅខេត្តស្ទឹង ត្រែងដែលមានឈ្មោះថា កងពលតូចអន្តរាគមន៍ថ្មើរជើងលេខ១២៨ ចំណុះឱ្យយោធភូមិភាគ ទី១។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់បន្ថែមថា ការរៀបចំនេះមិនមែនសំដៅដល់ការធ្វើសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ ផ្ទុយទៅវិញសំដៅលើការពង្រឹងកិច្ចការ ការពារជាតិ ការពារប្រជាជន និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។ជាមួយនឹងការថ្លែង នោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍សម្ដែងនូវការវាយតម្លៃខ្ពស់ និងកោត សរសើរជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានគោរព នូវបទបញ្ជារបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គមេបញ្ជាការនៃកង យោធពលខេមរភូមិន្ទ ក្នុងការរក្សានូវភាពអត់ធ្មត់បំផុត មិនមានការផ្ទុះអាវុធបង្ហូរឈាមគ្នា ក្នុង ដំណាក់កាលដែលមានការចូលឈ្លានពានទឹកដីពីសំណាក់កងទ័ពឡាវកាលពីដើមឆ្នាំ២០១៧ កន្លងទៅ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានចំណាយពេលប្រមាណ៥ម៉ោង រួមទាំងការទទួលទានអាហារថ្ងៃត្រង់រួមគ្នាជាមួយនឹងបងប្អូននាយទាហានជាន់ខ្ពស់ នាយទាហាន នាយទាហានរង និងពលទាហាននៃយោធភូមិភាគទី១ មុនពេលធ្វើដំណើរវិលត្រឡប់មកកាន់រាជធានីភ្នំពេញ វិញនៅរសៀលថ្ងៃដដែលនោះដែរ។ គួរបញ្ជាក់ដែរថា ក្នុងជំនួបចរចារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ថោងលន់ ស៊ីសូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ អំពីបញ្ហាព្រំដែនរវាងប្រទេទាំងពីរ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុងវៀងចន្ទន៍ បានប្រព្រឹត្តទៅប្រកបដោយបរិយាកាសមិត្តភាព និងការយោគយល់គ្នា ក្នុងនាមជាអ្នកជិតខាងល្អ ដោយប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរបានព្រមព្រៀងគ្នាថា កងទ័ពឡាវដែលសេសសល់នឹងដកចេញឱ្យអស់ពីតំបន់ក្បែរអូរអាឡៃ និងតំបន់អូរតាងាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង យ៉ាងយូរនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧។
កងកម្លាំងកម្ពុជា ដែលបានចល័តមកកាន់តំបន់មានទំនាស់ និងកំពុងប្រុងជើងការ ត្រូវបានបញ្ជាឱ្យដកត្រឡប់ចូលបន្ទាយរៀងៗខ្លួនវិញ។ នាយករដ្ឋមន្ត្រីទាំងពីរ បានណែនាំឱ្យក្រសួងការបរទេស និងគណៈកម្មការព្រំដែននៃប្រទេសទាំងពីរ បន្តធ្វើការជាមួយគ្នាឱ្យបានសកម្មបន្តទៀត ដើម្បីដោះស្រាយឱ្យរួចរាល់នូវខ្សែព្រំដែន១៤ភាគរយទៀតដែលនៅសេសសល់។ ក្នុងនាមជាអ្នកជិតខាង ជាមិត្ត និងជាបងប្អូន នាយករដ្ឋមន្ត្រីទាំងពីរ បានប្ដេជ្ញាថានឹងបន្តខិតខំដោះស្រាយរាល់បញ្ហាជាមួយគ្នា ដោយការចរចា ការយោគយល់ និងដោយមិត្តភាពដើម្បីកុំឱ្យឧប្បត្តិហេតុបែបនេះកើតឡើងជាថ្មីម្ដងទៀតជាដាច់ខាត រវាងប្រទេសនិងប្រជាជនទាំងពីរ៕