ឈ្មួញឈើគ្រញូងឈ្មោះ ​ចែ​កាន់​យ៉ា​ ល្បីល្បាញខ្លាំងគ្មានសមត្ថកិច្ចហ៊ានបង្ក្រាប

19-August-2017 | ដោយ ពល បញ្ញា

​ឧត្តរមានជ័យ​ ៖​ ឈ្មោះ​ ចែ​កាន់​យ៉ា​ ឈ្មួញ​ឈើ​គ្រញូង​ ដែល​ល្បី​ថា​ មន្ត្រី​យោធា​នៅ​ពីក្រោយ​ខ្នង​ នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​ នៅ​ក្នុងភូមិ​សាស្ត្រ​អូរ​ស្វាយ​ ស្រុក​ត្រពាំង​ប្រាសាទ​ និង​កំពុង​កៀរគរ​ប្រជាពលរដ្ឋ​ឆ្លង​ដែន​ចូល​ទឹក​ថៃ​ រក​កាប់​ឈើ​គ្រញូង​ ក្រោម​ការ​រៀបចំ​ និង​បើកភ្លើង​ខៀវ​ពី​មន្ត្រី​យោធា​ផ្នែក​សឹក​រង​ស្រុក​ត្រពាំង​ប្រាសាទ​ ។​

​ឈ្មួញ​ឈើ​គ្រញូង​ គេ​តែងតែ​ហៅ​ថា​ ចែ​កាន់​យ៉ា​ រូប​នេះ​ អាច​និយាយ​បាន​ថា​ ជា​ឈ្មួញ​ឈើ​គ្រញូង​ដុះ​ស្លែរ​មួយ​រូប​ មិន​មាន​អ្នក​បង្ក្រាប​ កាលពីមុន​ឈ្មួញ​រូប​នេះ​ បាន​ប្រមូល​ទិញ​ឈើ​គ្រញូង​ពី​តំបន់​អូរ​ស្វាយ​ ដឹក​ទៅ​ស្តុក​ទុក​ នៅផ្ទះ​ចំណុច​ ៩៨០ ​ស្ថិត​នៅ​ក្រោយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ ។​

បច្ចុប្បន្ន​ ឈ្មួញ​រូប​នេះ​ បាន​ដឹកឈើ​គ្រញូង​ទៅ​ដាក់​ផ្ទះ​របស់​មួយ​កន្លែង​ នៅ​ចំណុច​ភូមិ​ពាម​ក្នុង​ ឃុំ​អូរ​ស្វាយ​ ស្រុក​ត្រពាំង​ប្រាសាទ​ ឬ​ក៏​ដឹក​យក​ទៅ​លាក់​នៅ​ ស្រុក​ត្រពាំង​ប្រាសាទ​។​ជាក់ស្តែង​នៅ​អំឡុង​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៨​ សីហា​ ឆ្នាំ​២០១៧​ មាន​រទេះ​គោមួយ​ ដែល​កំពុង​ដឹកឈើ​គ្រញូង​ពេញ​មួយ​រទេះ​ ចេញពី​ចំណុច​ទឹក​ជប់​ ពើយ​តា​រួន​ ខ្នងភ្នំ​ដងរែក​ ដែល​អ្នក​បររទេះ​បាន​និយាយ​ថា​ ឈើ​គ្រញូង​មាន​ថៅ​ឈ្មោះ​ ចែ​កាន់​យ៉ា​ ។​

​អ្នក​បររទេះ​នោះ​ បាន​និយាយ​ទៀត​ថា​ ចែ​កាន់​យ៉ា​ ដឹកឈើ​គ្រញូង​ចេញពី​ចំណុច​ព្រំ​ដែ​កម្ពុជា​-​ថៃ​ បាន​យ៉ាង​រលូន​ ក៏​មានការ​រៀបចំ​ការពារ​ពី​សំណាក់​មន្ត្រី​យោធា​ផ្នែក​សឹក​រង​ស្រុក​ត្រពាំង​ ប្រាសាទ​ បើ​ពុំនោះ​ទេ​ កុំ​ថា​ឡើយ​ តែ​ឈើ​គ្រញូង​មួយ​ដុំ​តូច​ ឬ​កម្លាំង​ឡើង​ភ្នំ​ម្នាក់​ ច្បាស់​ណាស់​ ប្រាកដជា​ត្រូវ​កម្លាំង​ផ្នែក​សឹក​រង​ស្រុក​ត្រពាំង​ប្រាសាទ​ចាប់​គ្មាន​ចន្លោះ​នោះ​ឡើយ​ ។

ពាក់ព័ន្ធ​ករណី​ខាងលើ​ អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​ទំនាក់ទំនង​ មេបញ្ជាការ​ផ្នែក​សឹក​ រង​ស្រុក​ត្រពាំង​ប្រសាទ​បាន​ទេ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១៧​នេះ​ ៕

ចំនួនអ្នកទស្សនា

    20656247

  • ថ្ងៃនេះ1601
  • ម្សិលមិញ4001
  • សប្តាហ៍នេះ19191
  • ខែនេះ213791
  • ឆ្នាំនេះ213791
  • សរុប20656247