មន្ត្រីជំនាញសុខាភិបាលខេត្តបន្ទាយមានជ័យ ចុះអប់រំពលរដ្ឋក្នុងភូមិស្មាច់ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ឲ្យប្រុងប្រយ័ត្នពីការហូបត្រីក្រពត ក្រោយពលរដ្ឋម្នាក់ក្នុងភូមិនេះស្លាប់ និង៦នាក់ទៀតពុល បន្ទាប់ពីពួកគេទទួលទានត្រីក្រពត ក្លែមជាមួយស្រា។
ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោក កែវ សុភ័ត្រា ថ្លែងថ្លែងប្រាប់សារព័ត៌មានថ្ងៃទី១៨ សីហា ថា កាលពីយប់ថ្ងៃទី១៦ សីហា មានពលរដ្ឋចំនួន៧នាក់បានពុល និងក្អួតចង្អោរ បន្ទាប់ពីពួកគេហូបត្រីក្រពតបំពង ដែលអ្នកភូមិរកបានពីបឹងក្បែរផ្ទះ។
លោកថា ក្នុងចំណោម៧នាក់ មានមនុស្សតែម្នាក់គត់បានស្លាប់ បន្ទាប់ពីបុរសម្នាក់នោះបានបន្តហូបត្រីកំពតជាមួយបាយថែមទៀត មុនចូលសម្រាន្តនៅពេលយប់។ រហូតដល់ជិតពាក់កណ្ដាលយប់ បុរសរូបនោះមានអាការៈក្អួតចង្អោរ ចុកស្រពន់ដៃជើង។ ប៉ុន្តែគាត់មិនចាប់អារម្មណ៍ ដោយគិតថា ត្រឹមជាអាការៈមិនស្រួលខ្លួន ឬខ្យល់ចាប់ធម្មតា។ នៅពេលស្ថានភាពកាន់តែធ្ងន់ទៅៗ គ្រួសារក៏បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក ដើម្បីសង្គ្រោះបន្ទាន់ តែបុរសរូបនោះបានស្លាប់នៅពេលគ្រូពេទ្យរៀបចំបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្ត។
ប្រធានមន្ទីរសុខាភិបាលដដែលបន្តថា មនុស្ស៦នាក់ផ្សេងទៀត ក្នុងនោះមានកុមារ២នាក់ផង បានធូរស្រាលក្រោយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ។
ក្រោយមានករណីនេះ មន្ត្រីជំនាញសុខាភិបាលខេត្តបន្ទាយមានជ័យ សហការជាមួយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ចុះប្រមូលសំណាកត្រីក្រពតដើម្បីវិភាគ និងអប់រំពលរដ្ឋឲ្យជៀសវាងហូបត្រីក្រពតជាបណ្ដោះអាសន្ន ក្រោយមានលទ្ធផលនៃការវិភាគត្រីក្រពតនោះ៕