ភ្នំពេញ ៖ ក្នុងឱកាសបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ព្រឹកថ្ងៃទី ១ នៃការប្រលងនៅឯវិទ្យាល័យព្រះស៊ីសុវត្ថិ ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ជារួម ការប្រលងបាក់ឌុបនាឆ្នាំ២០១៧នេះ ក្រសួងអប់រំ យុវជន និងកីឡា បាន សហការយ៉ាងល្អជាមួយសហភាពសហព័ន្ធយុវជនកម្ពុជានិងអង្គភាពប្រឆាំងអំពើពុករលួយធ្វើអោយដំណើការប្រលងប្រព្រឹត្តទៅបានយ៉ាងល្អជាងឆ្នាំមុន។
រដ្ឋមន្ត្រីបន្តថា ជារួមឆ្នាំនេះ បេក្ខជនមានការកើនឡើងជាងមួយម៉ឺនមួយពាន់ នាក់ ហើយមណ្ឌលប្រលងក៏កើនឡើង ១៧៨មណ្ឌលនៅទូទាំងប្រទេស ។
លោក ហង់ ជួន ណារ៉ុន បានបញ្ជាក់ថា តាមពិនិត្យជាក់ស្តែងនៅព្រឹកនេះ ករណីភ្លៀងនឹងមិនមានបញ្ហាដល់ការប្រលងឡើយ តែបើទីតាំងណាមួយ ភ្លៀងក្រសួងអនុញ្ញាតិអោយបេក្ខជនអាចយឺតរយៈពេល ៣០នាទី ។
ជាមួយគ្នានេះ លោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ដោយអនុវត្តការប្រលងគឺរឹតបន្តឹង ដូចបណ្តាឆ្នាំមុនៗ គឺអ្នកដែលប្រព្រឹត្តខុស ទាំងបេក្ខជន ឬអ្នកពាក់ព័ន្ធនឹងការ ប្រលងនឹងត្រូវតែអនុវត្តវិធានការពិន័យទៅតាមបទបញ្ញតិនៃច្បាប់ ។
អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជាក់ប្រាប់ថា ឆ្នាំនេះអ្នកសង្កេត ការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយមានចំនួន ៤.៥៨៧នាក់ ក្នុងនោះ នៅរាជធានីភ្នំពេញ មានចំនួន ៨៨១នាក់។
ស្របគ្នានេះដែរ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រខេត្តកំពង់ស្ពឺ និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានអោយដឹងថា ដោយមានការ អនុញ្ញាតិពីក្រសួងអប់រំនោះ សហភាពសហព័ន្ធយុវជនកម្ពុជា មានឱកាស រួមចំណែកក្នុងកិច្ចការប្រលងបាក់ឌុប ហើយកន្លងមក គឺសហភាពសហព័ន្ធ យុវជនកម្ពុជាបានបើកវគ្គបំប៉នដល់សិស្សថ្នាក់ទី១២កន្លងមក ហើយនាថ្ងៃនេះ អ្នកស្មគ្រ័ចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា ៥៨៦នាក់ បាននឹងកំពុងធ្វើកិច្ច ការចំនួនពីរបន្ថែមទៀតដែលរួមមាន ការចូលរួមសង្កេតការណ៍នៃដំណើការ ប្រលង និងការជួយរៀបចំមើលថែយានជំនិះរបស់របស់សិស្សដែលចូល ប្រលងដោយឥតគិតថ្លៃនៅទូទាំងប្រទេស ៕