ឧត្តរមានជ័យ ៖ អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី បានឲ្យដឹងនៅរសៀលថ្ងៃទី២៣ខែសីហានេះមានប្រសាសន៍ថា លោកដាក់បទបញ្ជាឲ្យមន្ត្រីក្រោមឱវាទ សហការគ្នាបង្ក្រាបមេឈ្មួញកាប់បំផ្លាញព្រៃឈើឈ្មោះ ឆាយ និងឈ្មោះ រិទ្ធ នៅស្រុកត្រពាំងប្រាសាទ ដែលជាឈ្មួញបំផ្លាញព្រៃឈើដុះស្លែ ។ ប៉ុន្តែប្រសិនបើមេព្រៃនៅតែបើកដៃឲ្យឈ្មួញឈើខាងលើនេះទៀត លោកនឹងប្រជុំគណៈបញ្ជាការឯកភាពខេត្តនាថ្ងៃខាងមុខ ឲ្យដកដំណែងមេព្រៃណាដែលពាក់ព័ន្ធ ។ លោកបន្តថា លោកនឹងសហការរាល់ការផ្តល់ព័ត៌មានច្បាស់លាស់ថា មានបទល្មើសព្រៃឈើនៅខេត្តឧត្តរមានជ័យ ដើម្បីធ្វើការបង្ក្រាបជាក់ស្តែងតែម្តង។
ប្រភពបន្តបានឲ្យដឹងថា ឈ្មួញឈើបានប្រមូលទិញឈើស្តុបទុក ឈ្មោះ តាប៉ាវ នៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ។ សូមបញ្ជាក់ថា៖ តាប៉ាវ គឺជាឈ្មួញកណ្តាល ដុះស្លែ ប្រចាំនៅភូមិត្រាំប៉ោង ក្នុងការប្រមូលទិញឈើខុសច្បាប់ទុកលក់បន្តអោយឈ្មួញធំៗ ក្នុងមួយថ្ងៃគោយន្តដឹកឈើមិនក្រោមពី១០គ្រឿងទេ ដែលត្រូវបាន តាប៉ាវ ប្រមូលទិញ ហើយឈ្មួញឈើធំៗដូចជាថៅកែ ឆាយ គឺទិញឈើពី តាប៉ាវ នេះឯង ។ ពេល តាប៉ាវ ប្រមូលឈើស្តុបទុកបានប្រហែល៤០ទៅ៥០ម៉ែត្រគូប គឺថៅកែ ឆាយ យកឡានធុនយក្សទៅលើកដាក់ ហើយដឹកមកលក់នៅខេត្តបន្ទាយមានជយ័ និងស្រុកបន្ទាយអំពិលជាបន្ត ដែលសកម្មភាពនេះគឺបានកើតឡើងជាច្រើនឆ្នាំមកហើយ តែមិនមានមន្ត្រីជំនាញ ឬសមត្ថកិច្ចណាធ្វើការបង្ក្រាបនោះទេ ។ ដែលករណីព្រងើយកន្តើយរបស់អជ្ញាធរ និងសមត្ថកិច្ចជំនាញនេះ បានធ្វើអោយក្រុមឈ្មួញកាន់តែបានចិត្ត មើលស្រាលដល់បទបញ្ជា និងសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញក្នុងទិសដៅការពារធនធានធម្មជាតិអោយនៅគង់វង្ស ។
ពាក់ព័ន្ធករណីនេះដែរ ឈ្មួញឈើឈ្មោះ ឆាយ បានឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៣នេះថា លោកសំរាកដឹកឈើហើយ ។ ប៉ុន្តែយប់មិញគឺមេរបស់គាត់ខ្ចីឡានគាត់យកទៅដឹកឈើកាំជណ្តើរ ។ ចឹងករណីហ្នឹងលោកអត់ដឹងទេ ៕