ក្រមង៉ុយ ជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ ដែលខ្មែរគ្រប់រូបទទួលស្គាល់ថាជាអ្នកបង្កើតច្បាប់ប្រៀនប្រដៅ ដាស់តឿន ដល់កូនខ្មែរ និងបង្កើតវោហារស័ព្ទខ្មែរ។
អ្នកភិរម្យភាសាអ៊ូ “ហៅង៉ុយ” ឬ “ក្រមង៉ុយ” យោងតាមឯកសារបានអះអាងថា លោកប្រសូត នៅឆ្នាំ១៨៦៥ ត្រូវនឹងព.ស ២៤០៨ នៅភូមិព្រៃអណ្ដូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ (បច្ចុប្បន្នស្រុកអង្គស្នួល) ខេត្តកណ្ដាល ។ លោកមានឈ្មោះដើមថា អ៊ុក អ៊ូ ហៅង៉ុយ ។ ឯកសារដែលអាចប្រមូលបានឥឡូវនេះ មិនបានបញ្ជាក់ទេថា លោកមានបងប្អូនប៉ុន្មាននាក់ គឺគ្រាន់តែនិយាយថាលោកជាកូនទី២ ក្នុងគ្រួសារប៉ុណ្ណោះ ។ បិតារបស់លោក គឺចៅពញាធម្មធារា មេឃុំកំបូល នាមអ៊ុក។ រីឯមាតានាម អៀង ជាបុត្រីរបស់ចៅពញាម៉ុក មេឃុំស្ពានថ្ម ស្រុកខេត្តជាមួយគ្នា។
ក្នុងការរស់នៅជាកសិករ ក្រមង៉ុយ មានប្រជាប្រិយភាពខ្លាំងខាងវោហារសព្ទ និងល្បិចលើកកំណាព្យភ្លាមៗ ច្រៀងឡើង និងសំនៀងសាដៀវយ៉ាងពីរោះរន្តំ ព្រមទាំងចំណេះខាងធម៌អាថ៌យ៉ាងខ្ពង់ខ្ពស់ ដែលធ្វើឲ្យកសិករឯទៀតរាប់អានស្រឡាញ់ទុករូបលោកជាអ្នកប្រាជ្ញក្នុងភូមិស្រុក ហើយអ្នកស្រុកហៅលោកថា ភិរម្យ ង៉ុយ។ បន្ទាប់មករដ្ឋអំណាច បានតាំងលោកជា ( ក្រម ) គឺជាភារៈជន ដែលធ្វើទំនាក់ទំនងទាក់ទងរវាងរដ្ឋបាល និងប្រជាជនក្នុងឃុំ។
ពេលរដូវរំហើយ ក្រោយពីកិច្ចការច្រូតកាត់អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ ក្រមង៉ុយ តែងតែទេរសនាប្រៀនប្រដៅ ច្រៀងកំណាព្យបន្ទដោយសំនៀងសាដៀវដ៏ក្រលួចពីភូមិមួយ ដោយយំស្រណោះអាណិតខ្មែរគ្នាឯង ពីភាពខ្សត់ខ្សោយ ក្រីក្រ ល្ងងខ្លៅ ឈ្លោះគ្នាឯងបែកបាក់សាម្គី ។ល។ ផ្ទុយនឹងទម្ងន់ពន្ឋដារនៃរដ្ឋអំណាចបារាំង ភាពរហ័សរហួនឆ្លាតការកេងបន្លំជនបរទេស មានចិន យួន ជាដើម។ សំណួរល្បីល្បាញពីកវីសិល្បកររូបនេះលេចឮដល់ទីក្រុង ហើយសម្តេចចក្រីបានហៅឲ្យទៅច្រៀងថ្វាយ ស្តេចស៊ីសុវត្តិ ពេញព្រះទ័យបានឲ្យរង្វាន់ជា ប្រាក់កាស និងគោរម្យងារជា “ព្រះភិរម្យភាសា”។
អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ (ក្រមង៉ុយ) គឺជាគោរមងារមួយដែលហ្លួង ស៊ីសុវត្ថិ ប្រទានឲ្យកវី អ៊ុក អ៊ូ ហៅង៉ុយ អ្នកដែលបានធ្វើឲ្យកូនខ្មែរបានរស់នៅក្នុងការប្រៀនប្រដៅបែបប្រជាប្រិយដោយការរួមបញ្ចូលរវាងពុទ្ធោវាទ ជាមួយបរិស្ថានសង្គមកិច្ចកម្ពុជានាសម័យកាលថ្មីមួយ។ ប្រជាជនកម្ពុជាបាត់បង់សេរីភាព និងឥស្សរភាពជាម្ចាស់ប្រទេស ដោយពួកអាណានិគមបារាំងបានចាប់បង្ខំដាក់នឹមត្រួតត្រា។ ជាមួយនឹងគោរមងារនេះ អ្នកមុខអ្នកការទាំងឡាយតែងហៅលោកថាអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ ព្រោះដើម្បីកុំឲ្យច្រឡំនឹងនាយក្រុមវាំងម្នាក់នាសម័យនោះដែល មានឈ្មោះ អ៊ូ ដូចគ្នាដែរ។ ក៏ប៉ុន្តែ មានឈ្មោះខ្លី ដែលអ្នកស្រុកចូលចិត្តហៅហើយដែលបន្តស្ថិតស្ថេរមកទល់ពេលនេះ គឺឈ្មោះ ក្រមង៉ុយ ។
អ្នកភិរម្យភាសាអ៊ូ លោកបានទទួលអនិច្ចកម្ម នៅថ្ងៃសុក្រ ៦កើត ខែមិគសិរ ព.ស ២៤៧៩ គ.ស ១៩៣៦ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយជំងឺទល់លាមក។
ដូចដែលបានរៀបរាប់ខាងលើ អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ មិនបានសរសេរកំណាព្យដែលលោកស្មូតច្រៀងនោះដោយខ្លួនឯងទេ ហេតុនេះហើយទើបពុទ្ធសាសនបណ្ឌិត្យអញ្ជើញលោកមកច្រៀងយឺតៗ ហើយកត់ត្រាទុកសម្រាប់កូនចៅជំនាន់ក្រោយបានសិក្សារៀនសូត្រ។ ស្នាដៃរបស់ក្រមង៉ុយ ដែលគេរកឃើញរហូតមកដល់សព្វថ្ងៃនេះ រួមមាន៖
១– ច្បាប់ល្បើកថ្មី (ជាបទកាកគតិ-ឆ្នាំ១៩២២)
២– ច្បាប់កេរកាលថ្មី (ជាបទព្រហ្មគីតិ-ឆ្នាំ១៩២២))
៣– សេចក្ដីរំលឹកដាស់តឿន (ជាបទពាក្យ៧-ឆ្នាំ១៩៣១)
៤– ពាក្យកាព្យប្រដៅជនប្រុសស្រី (ជាបទពាក្យ៧- មិនដឹងកាលបរិច្ឆេទ, អាចក្នុងឆ្នាំ១៩៣៥ ព្រោះថាស្នាដៃទី៥)
៥– បណ្ដាំក្រមង៉ុយ (ជាបទព្រហ្មគីតិ- ក្នុងរវាងឆ្នាំ១៩៣៥)
បើតាម លោក យី ធន់ ដែលបានឲ្យដឹងថា នៅមានស្នាដៃផ្សេងទៀតរបស់ក្រមង៉ុយ ដែលគេរកមិនឃើញឯកសារសរសេរ ប៉ុន្តែអ្នកស្រាវជ្រាវមុនៗ បានចាត់ទុកថាជាស្នាដៃរបស់លោកគឺចម្រៀងស្ដីអំពីការប្រែប្រួលនៃស្រុកទេស កតញ្ញូកតវេទី ត្រៃលក្ខណ៍ ចម្រៀង ស្រី-ប្រុស ។ល។
ជាចុងក្រោយ សូមកូនចៅខ្មែរជំនាន់នេះ និងក្រោយៗទៀត មេត្តាចងចាំនូវកេរ្តិ៍ឈ្មោះរបស់អ្នកប្រាជ្ញទាំងពីររូបនេះ ក៏ដូចជាស្នាដៃផ្សេងៗជាច្រើនរបស់លោកទាំងពីរផងដែរ។ ខ្ញុំសូមឧទ្ទិសកុសលទាំងឡាយដែលខ្ញុំុមានជូនដល់លោកអ្នកប្រាជ្ញទាំងពីរ និងបុព្វបុរសខ្មែរផ្សេងៗជាច្រើនទៀត ដែលបានចំណាយពេលវេលា កម្លាំង កាយចិត្ត ដើម្បីប្រជាជាតិខ្មែរយើង៕