(កោះកុង)៖សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ការធ្វើដំណើរឆ្លងកាត់ស្ពានឆ្លងកាត់ដៃសមុទ្រខេត្តកោះកុង ទៅប្រទេសថៃដោយពុំចាំបាច់បង់ប្រាក់ នឹងធ្វើឡើងនៅវេលា ម៉ោង០០៖០០នាទីពាក់កណ្ដាលអធ្រាត្រ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
នេះជាកាដូធំមួយទៀតហើយដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសផ្ដល់ជូនជនរួមជាតិនាឱកាសព្រះរាជពិធីបុណ្យអុំទូក គឺរាជរដ្ឋាភិបាលបានប្រកាសទិញ ស្ពានឆ្លងកាត់ដៃ សមុទ្រឆ្ពោះទៅកាន់ប្រទេសថៃ នៅខេត្តកោះកុង ពីក្រុមហ៊ុន លី យ៉ុងផាត់ មកគ្រប់គ្រងវិញ ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរដោយមិនបាច់បង់ប្រាក់ទៀតឡើយ។
នេះជាការបញ្ជាក់របស់ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នៅលើទំព័រ Facebook របស់សម្ដេចនាប៉ុន្មាននាទីមុននេះ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។