ភ្នំពេញ៖នៅព្រឹកថ្ងៃទី៩វិច្ឆិកានេះ រាជរដ្ឋាភិបាលកម្ពុជា និង ថ្នាក់ដឹកនាំមន្ត្រីរាជការតាមបណ្តាក្រសួង ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្ធទិវាបុណ្យឯករាជ្យជាតិលើកទី៦៥(៩វិច្ឆិកា ១៩៥៣.៩វិច្ឆិកា ២០១៨) នៅវិមានឯករាជ្យ ដើម្បីគោរពវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី វីរបុរសអ្នកស្នេហាជាតិ ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនដែលបានទាមទារឯករាជ្យពីនឹមអាណានិគមនិយមបារាំង ព្រមទាំងមានការរៀបចំមហាអង្គមេទ្ទិញ នៅមុខព្រះបរមរាជវាំងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា តែងតែប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះ ដែលមានពិធីប្រទានភ្លើងទៀនជ័យ រំឭកគុណអ្នក ស្នេហាជាតិ ដែលបានពលីជីវិតដើម្បីឯករាជ្យពី អាណានិគមបារាំង ហើយពិធីបុណ្យត្រូវបានធ្វើ ឡើងជារៀង រាល់ឆ្នាំ នៅថ្ងៃទី៩ ខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃទី១១ វិច្ឆិកា ជាកំណត់។ ថ្ងៃទី៩ វិច្ឆិកានេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យ សិស្សានុសិស្ស និស្សិត កម្មករ និយោជិត និងមន្ត្រីរាជការ បានឈប់សម្រាកផងដែរ ដើម្បីចូលរួមអបអរសាទរ ៕ ដោយ៖ កង ពុទ្ធិវិរៈ