រាជធានីភ្នំពេញ: បន្ទាប់ពីដុតភ្លើងជ័យនៅវិមានឯករាជ្យចំនួន ៣ ថ្ងៃ រម្លឹកខួបលើកទី៦៥ឆ្នាំ ក្នុងថ្ងៃបុណ្យឯករាជ្យជាតិ (៩វិច្ឆិកា២០១៨-៩វិច្ឆិកា១៩៥៣) នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មន្ត្រីរាជការ គ្រប់ក្រសួង ស្ថាប័ន បានអញ្ជើញមក វិមានឯករាជ្យ ដើម្បីប្រារព្ធព្រះរាជពិធីពន្លត់ភ្លើងជ័យ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់នៃអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
ព្រះមហាក្សត្រ បានយាងប្រទានភ្លើងជ័យ នៅវិមានឯករាជ្យ កាលពីព្រឹកថ្ងៃសុក្រ ទី៩វិច្ឆិកា ក្នុងពេលប្រារព្ធបុណ្យឯករាជ្យជាតិ នៅវិមានឯករាជ្យកន្លងទៅនេះ ។
សូមរម្លឹកថា៖ ឆ្នាំ១៩៥៣ គឺជាឆ្នាំដែលប្រជាជាតិខ្មែរ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម ព្រះមហាវីរក្សត្រព្រះបរមរតនៈកោដ្ឋ ទទួលបានជោគជ័យ ធ្វើឲ្យប្រទេសបារាំងផ្ទេរអំណាច និងសមត្ថកិច្ចទាំងស្រុងមកជូនព្រះរាជាណាចក្រកម្ពុជាទាំងរដ្ឋបាលស៊ីវិល តុលាការ នគរបាល ទាហ៊ាន ការទូត នយោបាយក្នុងប្រទេស និងក្រៅប្រទេសមកអោយខ្មែរវិញ។ ៕ រូបភាព និង អត្ថបទដោយ៖លាង ម៉េងឡា