មានជីវិត គឺមានទុក្ខ ទោះបីពេលខ្លះបានសុខ ក៏សេចក្តីសុខនោះលាយឡំនឹងទុក្ខដែរ។ បណ្តាទុក្ខធំៗប្រចាំជីវិតសត្វលោកមានដូចជា ទុក្ខព្រោះសេចក្តីស្រែកឃ្លាន ទុក្ខព្រោះបំណុល ទុក្ខព្រោះជំងឺបៀតបៀន ទុក្ខព្រោះភ័យ ទុក្ខព្រោះសេចក្តីស្លាប់និរាសព្រាត់ប្រាសចាកភព ដែលជាទុក្ខយ៉ាងខ្លាំងក្លាបំផុត ។
ជីវិតទាំងអស់ទាំងអ្នកមាន ទាំងអ្នកក្រ ទាំងក្មេង ទាំងចាស់គឺ មិនមានសត្វលោកណាមួយគេចរួចចៀសផុតបានឡើយ ។
ខណៈ នៅសល់តែខ្យល់ដកចេញទៅក្រៅច្រើន ចូលមកក្នុងខ្លួនវិញតិច ម្ល៉ោះហើយ ចិត្តដែលនៅអាស្រ័យជាមួយនឹងខ្យល់នោះយ៉ាងតិចតួចបំផុត ធ្វើឱ្យរូបកាយរងទុក្ខវេទនាយ៉ាងខ្លាំងក្លា ក្រៃណាទុក្ខរកអ្វីប្រៀបពុំបានឡើយ ។