ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ និងការប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃ អង្គារ ១៤ រោច ខែមាឃ ដល់ថ្ងៃព្រហស្បតិ៍ ២កើត ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ដល់ ០៧ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។
សន្និបាតបានផ្តោតលើអាទិភាពចំនួន៥ រួមមាន ទី១-ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ, ទី២-ការអភិវឌ្ឍការអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ទី៣-ការអភិវឌ្ឍមុខរបរ និងការងារ, ទី៤-ការអភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងទី៥-ការពង្រឹងអភិបាលកិច្ចល្អ និងបញ្ហាប្រឈមមួយចំនួន ។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តរក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ កំណើន លឿនបំផុតនៅតំបន់អាស៊ី និងបាន ប្រសិទ្ធនាមជា “ខ្លាសេដ្ឋកិច្ចថ្មីមួយនៅអាស៊ី” ទៀតផងដែរ៕