(ភ្នំពេញ)៖ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន មានអាយុកាលដ៏ចំណាស់ ហើយស្របពេលកំណើនសេដ្ឋកិច្ច និងលំហូរចរាចរណ៍កើនឡើងជាលំដាប់នោះ ស្ពាននេះតម្រូវឱ្យមានការជួសជុលឡើងវិញជាបន្ទាន់ ដោយចំណាយថវិកាអស់ប្រមាណ ៣០លានដុល្លារអាមេរិក ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ។ ដំណើរការជួសជុលឡើងវិញនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ រហូតពេលនេះ បានជួសជុលសព្វគ្រប់អស់ហើយ រង់ចាំតែថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ឡើងវិញប៉ុណ្ណោះ ៕
ស្ពានមិត្តភាពកម្ពុជា-ជប៉ុន មានប្រវែង៩៧១ម៉ែត្រ ទទឹង១៣ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងភូមិសាស្ត្រទឹកដី រាជធានីភ្នំពេញ ត្រូវបានសាងសង់ និងសម្ភោធឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៦៣ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន។
ស្ពាននេះ ត្រូវបានខូចខាតដោយសង្គ្រាមស៊ីវិលនៅកម្ពុជា និងត្រូវបានសាងសង់ឡើងវិញនៅឆ្នាំ១៩៩២ ដោយប្រទេសជប៉ុន ហើយត្រូវបានប្តូរឈ្មោះទៅជាស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយព្រះមហាវិរៈក្សត្រ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទ នរោត្ដម សីហនុ៕