ភ្នំពេញ ៖ មន្ត្រីនគរបាលជាន់ខ្ពស់ ថ្លែងសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់យ៉ាងច្បាស់ៗប្រាប់ថា អ្នកបើកបរឈ្មោះ យិន ម៉ាណា ជាកូនស្រីរបស់លោក យិន ង្គិច ដែលបានចូលទៅបំភ្លឺនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីម្សិលមិញ (ថ្ងៃទី២៧ ខែមីនា) ដោយមកទទួលខុសត្រូវទាំងស្រុង ចំពោះគ្រោះថ្នាក់ចរាចរណ៍មួយនេះ។ ហើយចំណុចសំខាន់នោះគឺនៅចំពោះសមត្ថកិច្ចចរាចរណ៍ លោក យិន ង្គិច បានយល់ព្រមសារភាពថា « អ្នកបើករថយន្តនោះជាកូនស្រីរបស់ខ្លួនពិតប្រាកដមែន ហើយលោកក៏បានយល់ព្រមផ្តិតមដៃនៅលើកិច្ចសន្យាផងដែរ » ។
មន្ត្រីនគរបាលជាន់ខ្ពស់ដដែលរូបនោះបានរៀបរាប់ថា មុនពេលមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ នារីបង្ករួមជាមួយមិត្តភក្តិជំទង់ៗដូចគ្នាចំនួន៤នាក់ (ប្រុស៣នាក់) បានបើករថយន្ត Range Rover បានចូលទៅហាងបុកល្ហុកមួយកន្លែងនៅក្បែរនោះ។ ក្រោយពីហូបអីនៅក្នុងហាងរួចហើយ នារីបង្កបានឡើងបើករថយន្តវិញ អមដោយអ្នកជិះជាមួយគឺជាមិត្តភក្តិចំនួន២នាក់ (ស្រីម្នាក់ និងប្រុសម្នាក់) រួចបើកយ៉ាងលឿនចេញ ទៅរហូតបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះតែម្តង។
មន្ត្រីនគរបាលជាន់ខ្ពស់រូបនេះ បានបន្តទៀតថា នៅចំពោះមុខសមត្ថកិច្ច លោក យិន ហ្គិច បានសន្យាថានឹងនាំខ្លួនកូនស្រីមកប្រគល់ជូនសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធី។