ភ្នំពេញ ៖ ឯក ឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងដល់ប្រធានមន្ទីរអប់រំ យុវជន និងកីឡាគ្រប់រាជធានី-ខេត្ត ដោយសម្រេចកែសម្រួលម៉ោងសិក្សារបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ជាពិសេសកុមារតូចៗ នៅរដូវប្រាំង ឆ្នាំ២០១៩ អាកាសធាតុក្តៅហួតហែងខ្លាំង និងអាចមានសីតុណ្ហភាពលើសពី ៤០ អង្សារ ជាពិសេស នៅចន្លោះម៉ោង ១០:០០ព្រឹក ដល់ម៉ោង ១៤:០០រសៀល។
ក្រសួងស្នើគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ចាត់ចែងអនុវត្តការសិក្សា ដោយពេលព្រឹក ចូលរៀននៅម៉ោង៧:០០នាទី ចេញម៉ោង១០:៣០នាទី និងពេលរសៀល ចូលរៀនម៉ោង១៣:៣០នាទី ចេញម៉ោង១៧:០០នាទី ដែលការកែសម្រួលនេះ អនុវត្តតាមគោលការណ៍ដែលមានស្រាប់វិញដល់ផុតរដូវក្តៅ៕