(ត្បូងឃ្មុំ)៖ លោក គី ដាណារិទ្ធ អនុប្រធានមន្ទីរ ត្រូវបានប្រកាស ចូលកាន់តំណែង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំថ្មីនាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយបានរៀបចំធ្វើឡើង នៅសាលាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំសាលាខេត្ត និងមន្ត្រី នៃមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តយ៉ាងច្រើនកុះករស្ថិតក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងឯកឧត្តមទេសររដ្ឋមន្ត្រី ស៊ុន ចាន់ថុល , ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ តត្បូងឃ្មុំផងដែរ ។
ក្នុងឱកាសនោះ លោក គី ដាណារិទ្ធ ទើបឡើងកាន់តំណែងថ្មី បានឡើងប្តេជ្ញាចិត្តថា បំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន អនុវត្តឱ្យបានជាដាច់ខាតតាមបាវចនា២ និងអភិក្រម៥របស់ សម្តេចតេជោ ហ៊ុន សែន គោរពប្រតិបត្តិឲ្យបានគោលការរបស់ក្រសួងសាធារណ:ការ និងដឹកជញ្ជូន ពិសេសចូលរួមសហការឲ្យបានល្អផ្ទៃក្នុងអង្គភាព និងមន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ ។
គូសបញ្ជាក់ថាយោងតាមប្រកាសស្ដីពី ការផ្ទេរសម្រួលភារកិច្ច មន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ទេរសម្រួលភារកិច្ចលោក គី ដាណារិទ្ធ ពីអនុប្រធានមន្ទីរ ឡើងកាន់តំណែងជាប្រធានមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ, ចំណែកឯ លោក គីវិរិន ត្រូវផ្លាស់ទៅកាន់តំណែងជា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបវិញ ៕