ភ្នំពេញ៖ បន្ទាប់ពីការប្រារព្ធធ្វើពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា ជាជ័យមង្គលដ៏ឧត្តុងឧត្តម នៅរសៀលថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩រួចមក ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី០៦ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់ជាន់ថ្នាក់ នៃក្រសួងមហាផ្ទៃ បានអញ្ជើញរាប់បាត្រ បង្សុកូល និងប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាក្នុងព័ទ្ធសីមាវត្តបទុមវតីរាជវរារាម ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ សម្តេច និងលោកជំទាវ ក៏បានមានសទ្ធាជ្រះថ្លានាំយកបច្ច័យរបស់សម្តេចផ្ទាល់ រួមជាមួយបច្ច័យរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងថ្នាក់ដឹកនាំមន្ត្រីនគរបាលជាតិ ចំនួន ៦១.២០០.០០០រៀល, សាដក់ចំនួន ១៣សាដក់, ភេសជ្ជះស្រមោចក្រហម ៥០កេស, អង្ករចំនួន ១២តោន, ទឹកសុទ្ធ ២០កេស,ទឹកក្រូច ២០កេស, មី០៣កេសធំ, ត្រីខកំប៉ុង ០៣កេសធំ, ផ្លែឈើស្រស់ ០៧កន្ត្រក សម្រាប់ប្រគេនដល់វត្តបទុមវតីរាជវរារាមដើម្បីទំនុកបំរុងដល់ព្រះសង្ឃក្នុងរដូវវស្សានេះផង និងដើម្បីចាត់ចែងប្រើប្រាស់ក្នុងការកសាងសមិទ្ធផលនានាក្នុងវត្តផងដែរ៕ ដោយលាង ម៉េងឡា