បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ២០១៩ ប្រព្រឹត្តទៅ​ប្រកបដោយ​ក្តីរំភើប​ក្រៃលែង ក្រោម​ព្រះរាជាធិបតីភាព​​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា

09-November-2019 | ដោយ ពល បញ្ញា

រា​ជ​ធានី​ភ្នំពេញ ៖ ព្រឹក​នេះ (​ថ្ងៃទី​៩ វិច្ឆិកា ២០១៩) ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល​បាន​ប្រារព្ធ​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៦ បុណ្យ​ឯករាជ្យ​ជាតិ នៅ​ស្តូប​វិមានឯករាជ្យ រាជធានី​ភ្នំពេញ ពិធីបុណ្យ​ឯករាជ្យ​ជាតិ​បាន​ប្រារព្ធ​ឡើង​ប្រកបដោយ​ភាព​អធិកអធម​ក្រៃលែង ក្រោម​ព្រះរាជាធិបតីភាព​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា អមដោយ​ឥស្សរជន​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ជាច្រើនរូប​ទៀត ។​

​អមដំណើរ​ព្រះមហាក្សត្រ​នរោត្តម សីហមុនី យាង​បំពាក់​កម្រងផ្កា ប្រទាន​ភ្លើង​ជ័យ និង​គោរព​វិញ្ញាណក្ខន្ធ​ដល់​វីរបុរស​ស្នេហា​ជាតិ  ដែល​បាន​ពលិកម្ម​ក្នុង​បុព្វ​ហ​តុ ដើម្បី​ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី និង​ការអភិវឌ្ឍន៍​នោះ មាន​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន ប្រធានរដ្ឋសភា សម្តេច វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំង​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ឧ​ត្ត​ម​សេនីយ៍​ជាច្រើនរូប ។​

​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៦ ថ្ងៃទី​៩ វិច្ឆិកា ២០១៩ បាន​ប្រព្រឹត្តទៅ​ក្រោម​បរិយាកាស​រីករាយ​រំភើប​ក្រៃលែង​ពី​សំណាក់​ឧ​ត្ត​ម​មន្ត្រី អស់លោក លោកស្រី មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និស្សិត សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស បន្ទាប់ពី​អាណាព្យាបាល​បារាំង​បានប្រគល់​ឯករាជ្យ​ជាតិ អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​ថ្វាយ​ព្រះមហាវីរក្សត្រ​ព្រះបាទ នរោត្តម សីហនុ កាលពី​ថ្ងៃទី​៩ វិច្ឆិកា ១៩៥៣ ហើយ​តាំងពី​ពេល​នោះមក កម្ពុ​ជាមាន​សិទ្ធិ​ស្មើភាព​គ្នា​ចំពោះមុខ​ប្រទេស​នានា ដែលមាន​ឯករាជ្យភាព​លើ​ពិភពលោក និង​មាន​សិទ្ធិ​ប្រឡូក​លើ​ឆាក​អន្តរជាតិ​យ៉ាង​ស្វាហាប់ ជាពិសេស​ការដឹកនាំ ការអភិវឌ្ឍន៍​គឺ​ដំណើរការ​ប្រកបដោយ​ឆន្ទៈ​ខ្លួនឯង គ្មាន​បណ្តា​ប្រទេស​ណា​មក​ជ្រៀតជ្រែក​បានឡើយ ៕ដោយ លាង ម៉េងឡា

ចំនួនអ្នកទស្សនា

    20550917

  • ថ្ងៃនេះ7501
  • ម្សិលមិញ20231
  • សប្តាហ៍នេះ86581
  • ខែនេះ108461
  • ឆ្នាំនេះ108461
  • សរុប20550917