ភ្នំពេញ ៖ ឯកឧត្តម ញឹក ប៊ុន ឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងជាអនុប្រធាន សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ដែលបានចងសម្ព័ន្ធគ្នាជាផ្លូវការ នាព្រឹកថ្ងៃ ទី ២៥ខែវិច្ឆិកាកន្លងទៅនេះ បានអះអាងថា ការចងសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ ក្នុងគោលបំណងតែមួយគត់ គឺរួមគ្នាជាមួយរាជរដ្ឋាភិបាល ស្ថាបនាសង្គមនិង ការពារ ស្ថេរភាព សុខសន្តិភាព ដែលកំពុង មានសព្វថ្ងៃនេះ ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ និងប្រជាជនកម្ពុជា កាន់តែរីកចម្រើនលើគ្រប់វិស័យ បន្ថែមទៀត ។
ក្នុងសន្និសីទសារព័ត៌មាន ដើម្បីប្រកាសជាផ្លូវការចងសម្ព័ន្ធភាព រវាងគណបក្សខ្មែររួបរួមជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សខ្មែរតែមួយ នៅថ្ងៃទី២៥ ខែវិច្ឆិកា នេះ ឯកឧត្តម ញឹក ប៊ុនឆៃ បានថ្លែងថា ការចងសម្ព័ន្ធភាពរវាងគណបក្សនយោបាយចំនួនបីនេះ គឺតាមរយៈបទពិសោធន៍ជាច្រើននាពេលកន្លងមកនោះ នឹងមិនបែកបាក់គ្នាដូច លើកមុននោះឡើយ ដែលការរួមគ្នានេះ ក៏មិនមែនដើម្បីធ្វើគណបក្សប្រឆាំងនោះដែរ ពោលគឺធ្វើឡើងក្នុង គោលបំណងរួមគ្នាស្ថាបនាសង្គម និងចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខថែមទៀត ។
ឯកឧត្តម ម៉ម សុណង់ដូ ប្រធានគណបក្សសំបុកឃ្មុំដើម្បីប្រជាធិបតេយ្យ បានអះអាងដែរថា ការរួម គ្នាដើម្បីអ្នកប្រជាធិបតេយ្យនេះ គឺនឹងធ្វើការបោះឆ្នោតប្រកួតប្រជែងគ្នាជាមួយគណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយផ្សេងៗ ទៀតនៅកម្ពុជា ប្រកបដោយតម្លាភាពក្នុងន័យស្ថាបនា និងមិនឈរលើ គោលការជំទាស់នោះទេ ប៉ុន្តែនឹងមានមតិរិះគន់ និងឆ្លងឆ្លើយជាមួយគណបក្សកាន់អំណាច ក្នុងន័យកែ ទម្រង់ ជាពិសេសគឺបញ្ហាចន្លោះប្រហោងមួយចំនួន ដែលកំពុងកើតឡើងនៅក្នុងសង្គមជាតិនេះតែម្តង ។
ឯកឧត្តម ញឹក ប៊ុនឆៃ បានបញ្ជាក់បន្ថែមថា ការចងសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យនេះ ក្នុងគោលបំណងបណ្ដុះគំនិតជាតិនិយមគំរូថ្មីមួយ ដើម្បីយុវជនខ្មែរបន្តវេន ដោយគ្មានវប្បធម៌លាបពណ៌ និងគ្មានវប្ប ធម៌ក្តិចត្រួយនោះឡើយ ហើយការរួមគ្នានេះ ក៏ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ផ្លាស់ប្តូរយោបល់គ្នាទៅ វិញទៅមក ទាក់ទងនឹងឥទ្ធិពលប្រទេសមហាអំណាច ដែលកំពុងយកប្រទេសកម្ពុជា ធ្វើជាឈ្នាន់ប្រកួត ប្រជែងគ្នា ដើម្បីភូមិសាស្ត្រនយោបាយក្នុងតំបន់នោះ។
ឯកឧត្តម បានបញ្ជាក់ថា ប្រសិនបើអតីតគណបក្សប្រឆាំងដឹកនាំប្រទេសជាតិនោះ គឺប្រទេសមិនបាន សុខសប្បាយ និងសន្តិភាពនោះឡើយ ដោយសារតែពួកទាំងនោះ មាននិន្នាការផ្កាប់មុខទៅអាមេរិក ហើយ យកមហាអំណាចមួយទៀតធ្វើជាសត្រូវដាច់អហង្ការនោះ ៕
គូសបញ្ជាក់ផងដែរថា៖ការចងសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកាកន្លងទៅនេះមាន សមាសភាពដឹកនាមជាច្រើនរូប ៖ ឯកឧត្តម ម៉ម សុណង់ដូ ជាប្រធាន ឯកឧត្តម ញឹក ប៊ុន ឆៃ ជាអនុប្រធាន ឯកឧត្តម គុជ លី អគ្គលេខាធិការ លោក ជំទាវ ហួន ផាន ណារី ជាសមាជិក និង ឯកឧត្តម កែម រិទ្ធិសិត ប្រធានគណបក្សខ្មែរតែមួយ ជាសមាជិកផងដែរ ៕ខ្លុយយខ្មែរ