ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប Barcelona នឹងចាប់ផ្តើមការលេងដោយគ្មានវត្តមានរបស់ខ្សែប្រយុទ្ធ Lionel Messi នៅពេលដែលក្រុម Bayer Leverkusen ធ្វើដំណើរទៅកាន់កីឡដ្ឋាន Camp Nou នារាត្រីនេះ ដោយសង្ឃឹមថា អាចដណ្តើមយកប្រៀបចំពោះការអវត្តមានរបស់ខ្សែប្រយុទ្ធអន្តរជាតិ អាហ្សង់ទីនរូបនេះ។ Messi បានរងរបួសជង្គង់ឆ្វេង ខណៈដែលក្រុម Barcelona បានផ្តួលក្រុម Las Palmas ក្នុងលទ្ធផល ២-១ កាលពីចុងសប្តាហ៍មុន។
ខ្សែប្រយុទ្ធ Luis Suarez បានបង្កើតភាពអស្ចារ្យក្រោយពីការអវត្តមានរបស់ Messi ជាមួយនឹងការស៊ុតបាល់បញ្ចូលទី២គ្រាប់ដើម្បីជួយឲ្យក្រុមមាន មូលដ្ឋាននៅ Catalonia មួយនេះវិលទៅកាន់ផ្លូវនៃជ័យជម្នះវិញ ក្រោយពីបានរងបរាជ័យ ៤-១ ក្រោមស្នាដៃក្រុម Celta Vigo ក្នុងការប្រកួតមុននេះរបស់ពួកគេ។
Barcelona នឹងត្រូវដាក់ក្តីសង្ឃឹមជាច្រើនទៅលើ Suarez និង Neymar ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈដែលក្រុម Barcelona នឹងត្រូវធ្វើការប្រកួតរហូតដល់ទៅ៨លើកដោយគ្មាន Messi។ ខ្សែបម្រើ Sergio Busquets បានឲ្យដឹងថា៖ «រូបគេជាកីឡាករដ៏ឆ្នើមបំផុតក្នុងពិភពលោក ហើយយើងនឹងនឹករូបគេយ៉ាងខ្លាំង»។
ខណៈដែល Claudio Bravo, Thomas Vermaelen និង Rafinha ក៏ត្រូវអវត្តមានដោយសារតែរបួស លោកគ្រូបង្វឹក Luis Enrique មានសមាជិកក្រុមឈុតធំត្រឹមតែ១៥នាក់គត់ដើម្បីជ្រើសរើស សម្រាប់ការប្រកួតប៉ុន្មានសប្តាហ៍ខាងមុខនេះ។
គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «យើងមានសំណាងអាក្រក់ជាច្រើនដោយសារតែបញ្ហារបួស លើសពីនេះទៅទៀតយើងមិនអាចទិញចូលកីឡាករបន្ថែមទៀតបានឡើយ»។ ការប្រកួតនៅរាត្រីនេះ នឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕
ជំនួបពីរលើកចុងក្រោយរវាងក្រុមទាំងពីរ
08.03.12 Barcelona 7-1 Bayer Leverkusen
15.02.12 Bayer Leverkusen 1-3 Barcelona
ប្រភព៖ cambosport