ស្របពេលដែលមានការខកចិត្តនៅដើមរដូវកាល នេះ លោក Jose Mourinho នឹងវិលទៅកាន់ប្រទេសព័រទុយហ្គាល់នារាត្រីនេះ ខណៈដែល Chelsea ជួបអតីតក្រុមរបស់លោក FC Porto ក្នុងក្របខ័ណ្ឌ Champions League។
ក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះ នឹងសម្លឹងរកជ័យជម្នះជាលើកទី២ក្នុងចំណោមការប្រកួតពូល G ២លើក ក្រោយពីការទទួលជ័យជម្នះយ៉ាងកក់ក្តៅរបស់ពួកគេក្នុងលទ្ធផល ៤-០ លើក្រុម Maccabi Tel-Aviv នៅកីឡដ្ឋាន Stamford Bridge កាលពី២សប្តាហ៍កន្លងទៅ ប៉ុន្តែ ពួកគេត្រូវតែធ្វើឲ្យល្អប្រសើរទៅលើការបង្ហាញពីទម្រង់លេងដ៏ អន់មួយផ្សេងទៀតក្នុងក្របខ័ណ្ឌ Premier League កាលពីចុងសប្តាហ៍មុន។
Chelsea ត្រូវតែធ្វើការវាយបកដេញតាមពីក្រោយដើម្បីដណ្តើមបានលទ្ធផលស្មើ ២-២ នៅពេលជួបក្រុម Newcastle United កាលពីថ្ងៃសៅរ៍ ខណៈដែលខ្សែបម្រើអន្តរជាតិប្រេស៊ីល Ramires និង Willian សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទីដើម្បីសង្គ្រោះបាន១ពិន្ទុ សម្រាប់ក្រុមម្ចាស់ជើងឯកអង់គ្លេសមួយនេះ។
ក្រោយមក លោក Mourinho បានទទួលស្គាល់ថា ទម្រង់លេងក្នុងតង់ទី១នៅឯកីឡដ្ឋាន St James’ Park គឺជាទម្រង់លេងដ៏អន់បំផុតរបស់ Chelsea ក្រោមការដឹកនាំរបស់លោក ហើយបានបញ្ជាក់ថា៖ «នៅពេលដែលអ្នកមានទម្រង់លេងដ៏អន់ពីកីឡាករជាច្រើន វាមិនអាចទៅរួចឡើយសម្រាប់ក្រុមមួយក្នុងការផ្តួលក្រុមមួយនោះ »។
ប៉ុន្តែ ខណៈដែលក្រុមតោខៀវកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ១៥ ក្រោយពីឈ្នះត្រឹមតែ២លើកគត់ពីក្នុងចំណោមការប្រកួតក្របខ័ណ្ឌ Premier League ៧លើក ការធ្វើដំណើរទៅកាន់អតីតក្រុមរបស់ខ្លួនគឺជាប្រភេទនៃការប្រកួត ដែលធ្វើឲ្យលោក Mourinho មានការរំភើប។
វាមិនមែនជាលើកទី១ ឡើយដែលលោកបានវិលទៅកាន់ Porto បើគិតចាប់តាំងពីចាកចេញពីក្លិបយក្សរបស់ព័រទុយហ្គាល់មួយនេះ ក្នុងនាមជាវីរបុរសម្នាក់ ក្រោយពីបានដឹកនាំឲ្យពួកគេឈ្នះពាន Champions League កាលពីឆ្នាំ២០០៤ តាមរយៈការផ្តួលក្រុម Monaco ៣-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ។
កាលពីឆ្នាំមុន លោកបានវិលទៅកាន់ Porto ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Chelsea ខណៈដែល John Terry ជាប្រធានក្រុមរបស់លោក ហើយក្រុមរបស់លោកបានចាញ់ ២-១។ កាលពីឆ្នាំ២០០៧ គ្រាប់បាល់របស់ Andriy Shevchenko បានជួយឲ្យពួកគេដណ្តើមបានលទ្ធផលស្មើ ១-១ នៅកីឡដ្ឋាន Estadio do Dragao ដើម្បីជួយឲ្យ Chelsea ឈ្នះទាំងពីរជើង ៣-២ ក្នុងវគ្គ១៦ក្រុមចុងក្រោយ។ ការប្រកួតនៅរាត្រីនេះ នឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕
ជំនួបបីលើកចុងក្រោយរវាងក្រុមទាំងពីរ
26.11.09 FC Porto 0-1 Chelsea
16.09.09 Chelsea 1-0 FC Porto
07.03.07 Chelsea 2-1 FC Porto
ប្រភព៖ cambosport