ម្នាស់ គឺជាផ្លែឈើដ៏មានជីវជាតិមួយប្រភេទ ដែលអ្នកអាចទទួលបានទាំងញ៉ាំធម្មតា ឬកិនជាទឹក។ ផ្លែឈើមួយនេះ ផ្ទុកទៅដោយជីវជាតិច្រើនណាស់ដូចជា ជាតិស្ករ ជាតិសរសៃ វីតាមីន និងជាតិរ៉ែមួយចំនួន ដែលមានសារៈសំខាន់សម្រាប់សុខភាព។ ទឹកម្នាស់មានអត្ថប្រយោជន៍ចំពោះសុខភាពមួយចំនួន ហើយក៏អាចបង្កើតបានជាផ្នែកមួយនៃជីវជាតិ និងរបបអាហារដ៏មានតុល្យភាពបានដែរ។
ការពារជំងឺមហារីក
ឥទ្ធិពលវិជ្ជមានមួយរបស់ទឹកម្នាស់ គឺការទទួលបានវីតាមីន C។ វីតាមីនមួយនេះមានច្រើនណាស់ក្នុងទឹកម្នាស់។ បើយោងទៅតាមវិទ្យាស្ថាន Linus Pauling ដែលស្ថិតនៅសាកលវិទ្យាល័យ Oregon State University បានអោយដឹងថា វីតាមីន C ដើរតួនាទីជាអង់ទីអុកស៊ីដង់មួយប្រភេទ ដែលអាចជួយបង្ការ និងការពារពីការខូចខាតដោយសាររ៉ាឌីកាល់សេរី។
បើសិនជាអ្នកប៉ះពាល់នឹងរ៉ាឌីកាល់សេរីយូរៗទៅ វានឹងអាចទៅបំផ្លាញ DNA ក្នុងកោសិកាជាច្រើន ដែលជាហេតុនាំអោយមានការបំបែកហ្សែនទៅជាជំងឺជាច្រើនបាន ជាពិសេស ជំងឺមហារីកតែម្តង។ ទោះបីជាយ៉ាងណាក៏ដោយ សកម្មភាពបែបអង់ទីអុកស៊ីដង់របស់វីតាមីន C គឺមានទំនាក់ទំនងនឹងការបន្ថយការប្រឈមនឹងជំងឺមហារីកសុដន់ ហើយក៏អាចបង្ការកុំអោយសារធាតុបង្កជំងឺមហារីកក្នុងក្រពះកើតមានដែរ។
ធ្វើអោយឆ្អឹង និងធ្មេញរឹងមាំ
ទឹកម្នាស់ ក៏ផ្ទុកទៅដោយជីវជាតិសំខាន់ៗផ្សេងទៀតដែរ ដូចជាកាល់ស្យូមជាដើម។ ការញ៉ាំទឹកម្នាស់មានអត្ថប្រយោជន៍មួយចំនួនទៀតដល់សុខភាព ដែលវាទាក់ទងនឹងការទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់។ ក្នុងនោះដែរ អ្វីដែលកាន់តែល្អនោះគឺ វានឹងធ្វើអោយធ្មេញ និងឆ្អឹងរឹងមាំ និងមានសុខភាពល្អ។ ទាំងឆ្អឹង និងធ្មេញ សុទ្ធតែត្រូវបានផ្សំឡើងដោយជាតិរ៉ែមួយប្រភេទ ដែលមានឈ្មោះថា Hydroxyapatae ដែលផ្ទុកទៅដោយជាតិកាល់ស្យូម។
ការញ៉ាំអាហារដែលមានជាតិកាល់ស្យូមនឹងជួយទ្រទ្រង់ដល់ការបង្កើត ជាលិកាឆ្អឹង ដែលផ្សំឡើងដោយជាតិរ៉ែថ្មីៗ និងធ្វើអោយរាងកាយមានកំហាប់ឆ្អឹងគ្រប់គ្រាន់។ ការបញ្ជូលនូវអាហារដែលសម្បូរជាតិកាល់ស្យូមដូចជាទឹកម្នាស់បែបនេះ ប្រហែលជាជួយថែរក្សាសុខភាពឆ្អឹង និងធ្មេញបាន។
ឥទ្ធិពលចំពោះជាតិស្ករក្នុងឈាម
ឥទ្ធិពលមួយនៃការទទួលទានទឹកម្នាស់ គឺបង្កើនចំនួនជាតិស្ករក្នុងឈាមបានរយៈពេលខ្លី ក្រោយពីញ៉ាំរួច។ វាមិនខុសគ្នានឹងទឹកផ្លែឈើផ្សេងឡើយត្រង់ថា ទឹកម្នាក់មានជាតិស្ករពីធម្មជាតិឈ្មោះថា Fructose។
នៅពេលញ៉ាំទឹកម្នាស់ ជាតិស្ករមួយចំនួនធំនឹងត្រូវបានបឺតស្រូបយ៉ាងលឿនក្រោយពីញ៉ាំរួច ហើយក៏ត្រូការការរំលាយតិចតួចដែរ។ រាងកាយបឺតស្រូបជាតិ Fructose ពីទឹកផ្លែឈើបែបនេះ គឺងាយនឹងបំលែងទៅជាតិគ្លុយកូស សម្រាប់អោយកោសិកាប្រើប្រាស់ណាស់។ ប៉ុន្តែ បើសិនជាអ្នកមានបញ្ហាទាក់ទងនឹងកម្រិតជាតិស្ករក្នុងឈាម ដូចជាជំងឺទឹកនោមផ្អែមនោះ អ្នកគួរតែជៀសវាងអាហារណាដែលសម្បូរជាតិផ្អែម រួមទាំងទឹកផ្លែឈើផងដែរ៕