លោក តែ ឡូរិន អនុប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា នឹងផ្ដល់ទីតាំងដល់កីឡាករគុនដាវក្នុងប្រទេសកម្ពុជាឲ្យហ្វឹកហាត់ នៅទីលានបាល់ទាត់វេស្ទើនភ្នំពេញដោយឥតគិតថ្លៃ និងមិនគិតពេលវេលាកំណត់។
លោក តែ ឡូរិន បានឲ្យដឹងថា លោកនឹងផ្ដល់ទីតាំងសមរម្យមួយកន្លែងសម្រាប់ហ្វឹកហាត់កីឡាគុនដាវ ដល់ក្រុមកីឡាករគុនដាវទាំងអស់ក្នុងប្រទេសកម្ពុជាមិនថាជម្រើស ជាតិ ឬកីឡាករទើបចាប់ផ្ដើមហ្វឹកហាត់នោះទេ។ ទីតាំងមានប្រវែងបណ្ដោយប្រហែល ១០ទៅ២០ ម៉ែត្រ ហើយទទឹងវិញក៏ធំល្មមនៅកីឡាដ្ឋានវេស្ទើន។
លោកបានបន្ថែមថា មូលហេតុដែលលោកផ្ដល់ទីតាំងឲ្យកីឡាករហ្វឹកហាត់ដោយឥតគិតថ្លៃ ព្រោះគុនដាវជាកីឡាមួយប្រភេទ ដែលប្រទេសកម្ពុជាធ្លាប់មានពីមុនមក។ បច្ចុប្បន្នមិនសូវមានអ្នកចាប់អារម្មណ៍កីឡាប្រភេទនេះឡើយ ហើយលោកចង់ឲ្យកីឡាគុនដាវនេះមានការរីកសុះសាយក្នុងស្រុកខ្មែរឡើងវិញ។ សព្វថ្ងៃកីឡាគុនដាវនៅលើពិភពលោកគេកំពុងពេញនិយមណាស់ មិនថាអាស៊ីឬនៅអឺរ៉ុប ម្យ៉ាងទៀតរយៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនៅ មិនយូរទៀតឡើយ បើអាចបណ្ដុះកីឡាឲ្យបានច្រើនប្រភេទរឹតតែប្រសើរ។
ជាមួយគ្នានោះដែរ លោក សុខ យ៉ានីមល អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជា ក៏បានលើកឡើងដែរថា កីឡាគុនដាវត្រូវការទីតាំងយ៉ាងហោចបណ្ដោយចាប់ពី ១០ម៉ែត្រឡើងទៅ ហើយទទឹងធំល្មមទើបអាចឲ្យកីឡាករហ្វឹកហាត់បាន។ ចំណែកទីតាំងដែលអនុប្រធានសហព័ន្ធផ្ដល់ឲ្យនោះ លោកព្រមទាំងក្រុមការងារបច្ចេកទេស នឹងចុះពិនិត្យក្នុងរយៈពេលខ្លីមួយដែលមិនអាចកំណត់បាន។
ការប្រកួតកីឡាគុនដាវជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០១៥ ទើបតែបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅ ដែលប្រកួតជ្រើសរើសលើ ៤វិញ្ញាសាមាន វិញ្ញាសានារីឯកត្តជនដាវធំ វិញ្ញាសាបុរសឯកត្តជនដាវធំ វិញ្ញាសាបុរសឯកត្តជនដាវតូច និងវិញ្ញាសាបុរសក្រុមដាវធំ៕
ប្រភព៖ sabay