បើយោងតាម David Beckham បានឱ្យដឹងថា លោក Sir Alex Fugerson នឹងចូលមកដឹកនាំក្រុមបាល់ទាត់ម្ដងទៀត ដោយធ្វើជាអ្នកណែនាំរបស់ក្រុមអតីតជើងខ្លាំងនៅអង់គ្លេសប្រកួត មិត្តភាពជាមួយក្រុមអតីតជើងខ្លាំងលើលោកដែលមាន Zinedine Zidane ជាប្រធានក្រុម ក្រោមការដឹកនាំរបស់លោក Carlo Ancelotti ដើម្បីរៃអង្គាសប្រាក់ជូនដល់អង្គការ UNICEF ។
ការប្រកួតដែលប្រជុំដោយជើងខ្លាំងនេះដែរ នឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Old Trafford របស់ក្រុម Manchester United ហើយពេលវេលាវិញគឺនៅថ្ងៃទី១៤ ខែវិច្ឆិកា ខាងមុខនេះ ដោយមានលោក Pierluigi Collina ធ្វើជាអាជ្ញាកណ្ដាល។
ចំពោះប្រាក់ដែលបានមកពីការលក់សំបុត្រទាំងអស់ និងបានពីអ្នកឧបត្ថម្ភផ្សេងទៀតនឹងត្រូវយកទៅឱ្យអង្គការ UNICEF ទាំងអស់ក្នុងន័យជួយគាំពារដល់កុមារដែលរងគ្រោះលើលោកនេះ។ តម្លៃសំបុត្រនៃការចូលទស្សនាប្រកួតដ៏អស្ចារ្យនេះដែរ គឺ ២០ផោន(៣០ដុល្លារ)សម្រាប់មនុស្សពេញវ័យ និង១០ផោន (ប្រហែល ១៥ដុល្លារ) សម្រាប់ក្មេងក្រោមអាយុ១៦ឆ្នាំ។
Beckham បាននិយាយចំពោះការប្រកួតខាងលើនេះថា៖ “អ្នកគ្រប់គ្នាបានដឹងហើយថា ខ្ញុំចូលនិវត្តន៍៣ឆ្នាំមកហើយ ដោយមិនដែលគិតថាបានពាក់ស្បែកជើងចូលប្រកួតវិញទេ។ បាល់ទាត់គឺជាមុខងារមួយដែលមានឥទ្ធិពលខ្លាំងណាស់នៅពេលដែលមាន Zidane ចូលលេង លោក Ferguson ដឹកនាំ ក៏ដូចជា Ancelotti ឈរបញ្ជា។ ខ្ញុំគិតថា មនុស្សទាំងអស់នឹងសប្បាយចិត្ត និងមើលការប្រកួតនេះ។ ការប្រកួតនេះ នឹងអាចធ្វើឱ្យខ្ញុំមានឱកាសច្រើនក្នុងការជួយដល់កុមារទាំងអស់”។
គ្រាន់តែអតីតកីឡាករឆ្នើមរបស់អង់គ្លេសប្រកាសពីការប្រកួតកាលពីម្សិលមិញ នេះ មានអ្នកគាំទ្រជាច្រើនសាទរចំពោះទង្វើមួយនេះ ហើយក៏ពេញចិត្តខ្លាំងណាស់ដែរនៅពេលដែលដឹងថា អ្នកចាត់ការល្អជាងគេលើលោក Sir Alex នឹងបានឈរបញ្ជាកូនក្រុមជាថ្មីម្ដងទៀតនៅ Old Trafford ៕
ប្រភព៖ manutd , sabay