លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្លិប Chelsea នៅតែបន្តទទួលបានការគាំទ្រ «យ៉ាងពេញទំហឹង» ពីសំណាក់ក្លិបនេះ បើទោះបីជួបការចាប់ផ្តើមយ៉ាងខកចិត្តក្នុងរដូវកាលនេះក៏ដោយ។
នេះបើយោងទៅតាមការប្រកាសរបស់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មួយនេះកាលពីថ្ងៃចន្ទ។ Chelsea បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយនៅលើ គេហទំព័ររបស់ពួកគេថា៖ «ក្លិបនេះចង់ធ្វើការបញ្ជាក់ឲ្យច្បាស់ថា លោក Jose នៅតែទទួលបានការគាំទ្រយ៉ាងពេញលេញ» ។
ក្លិប Chelsea បន្ថែមទៀតថា៖ «ដូចដែលលោក Jose បាននិយាយអ៊ីចឹង លទ្ធផលមិនមានភាពល្អប្រសើរឡើងឡើយ ហើយការបង្ហាញពីទម្រង់លេងរបស់ក្រុមត្រូវតែធ្វើឲ្យល្អប្រសើរឡើង។
ប៉ុន្តែ ទោះបីជាយ៉ាងណា យើងជឿជាក់ថា យើងមានអ្នកចាត់ការទូទៅដ៏ត្រឹមត្រូវក្នុងការធ្វើឲ្យមានការ ផ្លាស់ប្តូរក្នុងរដូវកាលនេះ និងជឿថា លោកមានក្រុមដែលមានសមត្ថភាពគ្រប់គ្រាន់»។
Chelsea បច្ចុប្បន្ន កំពុងតែមានចំណាត់ថ្នាក់ពីរលេខលើក្រុមស្ថិតក្នុងតំបន់កាត់ ចោលនៃក្របខ័ណ្ឌ Premier League ក្រោយពីបានរងបរាជ័យ៤លើក និងឈ្នះតែ២លើកគត់ក្នុងចំណោមការប្រកួតលីក៨លើកដំបូងរបស់ពួកគេ ។
ក្រោយពីការរងបរាជ័យក្នុងលទ្ធផល ៣-១ ក្នុងផ្ទះខ្លួនឯងក្រោមស្នាដៃក្រុម Southampton លោក Mourinho បានធ្វើការពិភាក្សាដោយបើកចំហរពីការប្រឈមមុខនឹងការបណ្តេញចេញ ប៉ុន្តែ បាននិយាយថា លោកមិនមានបំណងក្នុងការដើរចេញឆ្ងាយពីក្លិបនេះឡើយ៕
ប្រភព៖ BBC , cambosport