ក្រុមហ៊ុនទូរស័ព្ទចល័ត Smart Axiata បានសម្រេចចចុះកិច្ចសន្យាជាមួយក្លិបបាល់ទាត់ភ្នំពេញក្រោន រយៈពេល៣ឆ្នាំ ដើម្បីចូលរួមជួយដល់ក្លិបដ៏ល្បីមួយនេះក្នុងការអភិវឌ្ឍបាល់ទាត់ ក៏ដូចជាឆ្ពោះទៅរកការលើកកម្ពស់សុខភាពសហគមន៍ រួមជាមួយការបណ្តុះបណ្តាលកីឡាបាល់ទាត់ជាលំដាប់ពិភពលោករបស់ខ្លួន ផងដែរ។
នៅក្នុងពិធីចុះកិច្ចសន្យា ដែលបានធ្វើនៅកីឡដ្ឋាន RSN កាលពីថ្ងៃអង្គារ លោក ឬទ្ធី សំណាង ប្រធានក្លិបភ្នំពេញក្រោន បានមានប្រសាសន៍ថា៖«ភ្នំពេញក្រោន មានការរំភើបយ៉ាងខ្លាំង និងសូមស្វាគមន៍ក្រុមហ៊ុន Smart Axiata ចំពោះការក្លាយជាដៃគូសំខាន់របស់យើងសម្រាប់រយៈពេលបីឆ្នាំ។ Smart មិនត្រឹមតែនឹងក្លាយទៅជាអ្នកឧបត្ថម្ភចម្បងលើឯកសណ្ឋានកីឡារបស់ យើងប៉ុណ្ណោះទេ ប៉ុន្តែយើងក៏កំពុងតែសម្លឹងឆ្ពោះទៅមុខ ដើម្បីធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធជាមួយនឹងកីឡាករក្នុងការ អភិវឌ្ឍសង្គមផងដែរ»។
លោកបានបន្តថា៖«ការប្ដេជ្ញាចិត្តរបស់ ក្រុមហ៊ុន Smart ដើម្បីគាំទ្រដល់សហគមន៍ ដែលពួកគេបម្រើដល់កីឡា ការអប់រំ និងគម្រោងសុខភាពសាធារណៈ ជាផ្នែកមួយនៃគុណតម្លៃស្នូលរបស់ក្រុមហ៊ុនរបស់ពួកគេ ដែលធ្វើឲ្យភាពជាដៃគូជាមួយ Smart គឺពិតជាល្អឥតខ្ចោះសម្រាប់ភ្នំពេញក្រោន។ ក្លិបរបស់យើងបានខិតខំធ្វើឲ្យមានភាពខុសគ្នា ដោយការអភិវឌ្ឍយុវជនរបស់ខ្លួនផ្ទាល់ កម្មវិធីសហគមន៍និងសាលារបស់យើង រួមទាំងការចូលរួមរបស់យើងដើម្បីក្លាយជាកំលាំងស្នូលក្នុងការ ផ្លាស់ប្តូរប្រកបដោយភាពវិជ្ជមាន នៅក្នុងសកម្មភាពសង្គម»។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានលើកឡើងថា៖ “Smart និង ភ្នំពេញក្រោន មានគោលតម្លៃរួមដូចគ្នាជាច្រើនដោយសារថា ភ្នំពេញក្រោន គឺជាក្រុមមួយដែលលេចធ្លោជាមួយនឹងកំណត់ត្រានៃការលេងដ៏ពិសេស។ ក្រៅពីការអភិវឌ្ឍអាជីពជាកីឡាករ ភ្នំពេញក្រោនក៏មានកម្មវិធីលើកកម្ពស់យុវជនរបស់ខ្លួនក្នុងការ ហ្វឹកហាត់បណ្តុះទេពកោសល្យកីឡាករវ័យក្មេងផងដែរ។យើងមានការសប្បាយចិត្ត ដែលបានឃើញចក្ខុវិស័យរយៈពេលវែងពីក្លិបមួយនេះ ហើយយើងមើលឃើញថាវា គឺជាជំហានដំបូងដើម្បីបង្វឹកកីឡាករកម្ពុជាឆ្ពោះទៅកាន់លំដាប់ ថ្នាក់ពិភពលោក»។
លោកបានបញ្ជាក់ថា៖«យើងសង្ឃឹមថា ភាពជាដៃគូនេះ អាចជាសារជំរុញលើកទឹកចិត្តឲ្យមនុស្សកាន់តែច្រើនចូលរួមក្នុង ការលេងបាល់ទាត់ មិនថាតែលេងជាការកីឡាកម្សាន្តក្នុងពេលទំនេរ ឬក៏លេងកីឡា ដើម្បីសម្រេចក្តីសុបិន្តឲ្យក្លាយទៅជាកីឡាករអាជីពនោះទេ។ ភាពជាដៃគូនេះ គឺពិតជាសមិទ្ធិផលសំខាន់មួយផ្សេងទៀតរបស់ Smart ដើម្បីឆ្ពោះទៅរកការលើកកម្ពស់សុខភាពសហគមន៍ រួមទាំងជាការបណ្តុះបណ្តាល កីឡាករបាល់ទាត់ផងដែរ»៕
ប្រភព៖ cambosport