ខ្សែប្រយុទ្ធ Gareth Bale បាននិយាយថា កីឡាកររបស់ក្រុមបាល់ទាត់ជម្រើសជាតិវេលស៍ កំពុងតែទទួលយកនូវការរំពឹងទុកផ្សេងៗជុំវិញពួកគេ ខណៈដែលពួកគេសម្លឹងរកការឈ្នះកៅអីឈានទៅប្រកួតក្នុងយុទ្ធនាការដ៏សំខាន់មួយជាលើកដំបូងក្នុងរយៈពេល៥៧ឆ្នាំ។
ក្រុមជម្រើសជាតិវេលស៍ នឹងត្រូវជួបជាមួយនឹងក្រុមជម្រើសជាតិបូស្នី ក្នុងទីក្រុង Zenica នៅថ្ងៃសៅរ៍នេះ ដោយត្រូវការត្រឹមតែ១ពិន្ទុប៉ុណ្ណោះ ដើម្បីឈ្នះកៅអីឈានទៅ ប្រកួតក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ នៅប្រទេសបារាំង ក្រោយពីមិនបានឈានទៅប្រកួតក្នុងយុទ្ធនាការដ៏ធំមួយសោះបើគិត ចាប់តាំងពី World Cup ឆ្នាំ១៩៥៨។
បន្ទាប់មក ពួកគេនឹងបញ្ចប់យុទ្ធនាការជម្រុះរបស់ពួកគេតាមរយៈការធ្វើជាម្ចាស់ផ្ទះ ទទួលភ្ញៀវអង់ដូរ៉ា ដែលមានន័យថា ពួកគេមានប្រៀបដ៏ពិសេសមួយ ហើយ Bale បាននិយាយថា ក្រុមជម្រើសជាតិវេលស៍ កំពុងទទួលបន្ទុកនូវការរំពឹងទុកផ្សេងៗទៅលើការឈ្នះកៅអីទៅជុំ ផ្តាច់ព្រ័ត្រ។
ខ្សែប្រយុទ្ធរបស់ក្លិប Real Madrid រូបនេះ ដែលប្រទេសរបស់គេមិនធ្លាប់លេងក្នុងយុទ្ធនាការអឺរ៉ុបជុំផ្តាច់ព្រ័ត្រសោះនោះ បានឲ្យដឹងថា៖ «យើងកំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការសម្រេចបាននូវអ្វីមួយដែល គ្មានក្រុមផ្សេងទៀតមិនបានធ្វើពីមុនមក ហើយយើងពិតជារំភើបណាស់»។
Bale បានប្រាប់បន្ថែមទៀតថា៖ «នេះជាសម្ពាធដ៏ល្អបំផុតក្នុងការមាន ហើយយើងចង់ទុកសម្ពាធនោះ។ យើងដឹងថា យើងមានការប្រថុយប្រថាន ប៉ុន្តែ យើងកំពុងរក្សាធ្វើឲ្យអារម្មណ៍ស្ងប់ ហើយយើងដឹងពីអ្វីដែលយើងត្រូវតែធ្វើ»។ ការប្រកួតនៅថ្ងៃសៅរ៍នេះ នឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕
ការជួបគ្នាបីលើកចុងក្រោយរវាងក្រុមទាំងពីរ
11.10.14 Wales 0-0 Bosnia & Herzegovina
16.08.12 Wales 0-2 Bosnia & Herzegovina
13.02.03 Wales 2-2 Bosnia & Herzegovina
ប្រភព៖ cambosport