ក្លិប Liverpool បានប្រកាសពីការតែងតាំងគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់លោក Jurgen Klopp ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ ក្នុងកិច្ចព្រមព្រៀងគ្នាមួយដែលមានតម្លៃជាទឹកប្រាក់៤លានផោន (ស្មើនឹង៦,១លានដុល្លារអាមេរិក) ក្នុងរយៈពេល១ឆ្នាំ។
លោក Klopp អតីតគ្រូបង្វឹករបស់ក្លិប Borussia Dortmund ត្រូវបានគេយល់ឃើញថា បានចុះហត្ថលេខារយៈពេល៣ឆ្នាំជាមួយនឹងក្លិបយក្សរបស់ក្របខ័ណ្ឌ Premier League មួយនេះ ហើយនិងត្រូវចូលកាន់តំណែងជំនួសលោក Brendan Rodgers ដែលត្រូវបានបណ្តេញចេញដោយក្រុមហ៊ុន Fenway Sports Group ម្ចាស់កម្មសិទ្ធិក្លិប Liverpool កាលពីថ្ងៃអាទិត្យ។
ក្លិបបាន ឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Twitter របស់ពួកគេថា៖ «ក្លិបបាល់ទាត់ Liverpool ពិតជារីករាយណាស់ក្នុងប្រកាសថា លោក Jurgen Klopp ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ក្លិប។
គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យាមួយដែលនឹងធ្វើឲ្យលោកស្ថិតនៅជាមួយ ហង្សក្រហម និងត្រូវបង្ហាញមុខនៅឯសន្និសីទសារព័ត៌មានមួយនៅ Anfield នៅព្រឹកថ្ងៃសុក្រនេះ»។
លោក Klopp ដែលការប្រកួតលើកទី១របស់លោកក្នុងនាមជាគ្រូបង្វឹកគឺ ជាមួយនឹងក្រុម Tottenham នាថ្ងៃទី១៧ ខែតុលានោះ ទៅដល់ដោយ Liverpool កំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ១០នៅលើតារាង Premier League៕
ប្រភព៖ Channel News Asia , cambosport