យុគសម័យកាលរបស់លោក Jurgen Klopp នៅឯក្លិប Liverpool នឹងចាប់ផ្តើមនៅល្ងាចថ្ងៃសៅរ៍នេះ (ម៉ោងនៅកម្ពុជា) នៅពេលដែលគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ ចាប់ផ្តើមប្រកួតក្នុងក្របខ័ណ្ឌ Premier League ជាលើកទី១របស់លោកនៅពេលប៉ះជាមួយនឹងក្រុម Tottenham Hotspur។
លោក Klopp ត្រូវបានតែងតាំងជាអ្នកជំនួសលោក Brendan Rodgers ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំដើម្បីសង្គ្រោះក្រុម Liverpool ដែលបានឈ្នះត្រឹមតែ១លើកគត់ក្នុងចំណោមការប្រកួត៩លើកចុងក្រោយរ បស់ពួកគេក្នុងរយៈពេល៩០នាទីក្នុងរាល់ការប្រកួតទាំងអស់។
គ្រូបង្វឹករូបនេះប្រហែលជាពេញចិត្តក្នុងលេងក្នុងផ្ទះខ្លួនឯង សម្រាប់ការប្រកួតជាលើកទី១របស់លោកជាងនៅលើកីឡដ្ឋាន White Hart Lane ដែលជាកន្លែងដែលក្រុម Spurs បានបំបាក់ក្រុម Manchester City យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-១ ក្នុងការប្រកួតលើកទឹកដីខ្លួនឯងចុងក្រោយរបស់ពួកគេ ប៉ុន្តែ លោកចង់ឲ្យកីឡាកររបស់លោកទទួលយកការប្រជែងមួយនេះ។
លោក Klopp ដែលក្រុមរបស់លោកកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ១០នៅលើតារាង ដោយដេញតាមពីក្រោយក្រុម Tottenham ចំនួន១ពិន្ទុនោះ បានឲ្យដឹងថា៖ «រឿងមួយចំនួនដែលអ្នកអាចធ្វើការផ្លាស់ប្តូរបានភ្លាមៗគឺ ស្មារតី និងការត្រៀមលក្ខណៈឲ្យបានរួចរាល់»។
គ្រូបង្វឹករូបនេះបានប្រាប់បន្តថា៖ «នោះគឺជាអ្វីដែលអ្នកអាចធ្វើការផ្លាស់ប្តូរបាន។ ក្នុងការធ្វើការផ្លាស់ប្តូរអ្វីៗទាំងស្រុងក្នុងក្រុមមួយគឺ ត្រូវការពេលវេលា ប៉ុន្តែ ខ្ញុំពិតជាមិនចាប់អារម្មណ៍ទៅលើបញ្ហាផ្សេងៗដែលយើងអាចមាននៅ ថ្ងៃសៅរ៍នេះឡើយ។
ខ្ញុំចង់មើលឃើញភាពក្លាហានបន្ថែមទៀត ភាពរីករាយបន្ថែមទៀតក្នុងក្រសែភ្នែករបស់ពួកគេ។ ខ្ញុំចង់ឃើញថា ពួកគេចូលចិត្តអ្វីដែលពួកគេធ្វើ។ ខ្ញុំបានមើលឃើញចំណុចនោះក្នុងពេលហ្វឹកហាត ហើយនោះគឺជារឿងដ៏ល្អ»។ ការប្រកួតនៅថ្ងៃសៅរ៍នេះនឹងចាប់ផ្តើមនៅម៉ោង៦:៤៥ល្ងាច៕
ការជួបគ្នា៣លើកចុងក្រោយរវាងក្រុមទាំងពីរ
11.02.15 Liverpool ៣-២ Tottenham
31.08.14 Tottenham ០-៣ Liverpool
30.03.14 Liverpool ៤-០ Tottenham
ប្រភព៖ cambosport