Theo Walcott បញ្ជាក់ថា ក្រុម Arsenal នឹងស្រោចស្រង់យុទ្ធនាការនៃក្របខ័ណ្ឌ Champions League របស់ពួកគេនៅពេលជួបក្រុម Bayern Munich នៅរាត្រីថ្ងៃអង្គារនេះ តាមរយៈការព្យាយាមដណ្តើមឲ្យបានជ័យជម្នះដូចក្នុងពេលពួកគេ បំបាក់ក្រុម Manchester United អ៊ីចឹង។
ក្រុមរបស់លោក Arsene Wenger កំពុងតែស្ថិតក្នុងគ្រោះថ្នាក់នៃការខកចិត្តក្នុងការឈានទៅវគ្គ ១៦ ក្រុមចុងក្រោយជាលើកទី១ក្នុងរយៈពេល១៦ឆ្នាំ ក្រោយពីការរងបរាជ័យពីរលើកជាប់ៗគ្នា។
ក្រុមកាំភ្លើងធំមួយនេះ បានរងបរាជ័យនៅលើទឹកដីក្រុម Dinamo Zagreb ហើយបន្ទាប់មកបានជួបភាពអាម៉ាស់នៅលើទឹកដីខ្លួនឯងក្រោមថ្វីជើងរបស់ក្រុម Olympiakos ដើម្បីធ្វើឲ្យពួកគេមិនមានពិន្ទុសោះនៅបាតតារាងនៃពូល F។
ការរងបរាជ័យមួយផ្សេងទៀតនៅពេលជួបក្រុម Bayern នៅកីឡដ្ឋាន Emirates នឹងធ្វើឲ្យក្រុម Arsenal ស្ថិតយ៉ាងប្រកៀកក្នុងការធ្លាក់ចេញដ៏មិននឹកស្មានដល់ ហើយស្របពេលជាមួយគ្នានេះដែរ ការស្ថិតក្នុងទម្រង់លេងយ៉ាងល្អនៅរដូវកាលនេះរបស់ក្រុមម្ចាស់ ជើងឯកអាល្លឺម៉ង់ Bayern នឹងធ្វើឲ្យពួកគេកាន់តែមានការលំបាកក្នុងការយកឈ្នះលើគូ ប្រជែងរបស់ខ្លួន។
ទោះបីជាយ៉ាងណា Arsenal នឹងឈានទៅកាន់ការប្រកួតដ៏សំខាន់នេះជាមួយនឹងទម្រង់លេងយ៉ាងល្អ ក្រោយពីបានយកឈ្នះ ៣-០ នៅលើទឹកដីក្រុម Watford កាលពីថ្ងៃសៅរ៍។ ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Walcott អះអាងថា ក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៍ភាគខាងត្បូងមួយនេះ មិនមានហេតុផលអ្វីដែលត្រូវខ្លាចក្រុម Bayern ឡើយ ប្រសិនបើកាំភ្លើងធំអាចទម្លុះខ្សែការពារពួកគេជាមួយនឹង ទម្រង់លេងបែបប្រយុទ្ធដ៏ខ្លាំងក្លាដែលបានធ្វើឲ្យពួកគេទទួល ជ័យជម្នះ ៣-០ លើក្រុម Man United ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីដើមខែតុលា។
Walcott បានឲ្យដឹងថា៖ «យើងគ្រាន់តែត្រូវការស្រោចស្រង់ពីការប្រកួតពីរលើកដំបូង។ យើងដឹងថា យើងអាចណ្តើមបានលទ្ធផលនៅពេលប្រកួតជាមួយ Bayern Munich ហើយយើងពិតជាចង់ធ្វើឲ្យបានល្អ»។ Bayern បានទទួលជ័យជម្នះក្នុងការធ្វើដំណើរទៅប្រកួតនៅកីឡដ្ឋាន Emirates ២លើកចុងក្រោយរបស់ពួកគេ ដោយលើកទី១ឈ្នះ ៣-១ កាលពីឆ្នាំ២០១៣ និងឈ្នះ ២-០ កាលពីឆ្នាំ២០១៤។
ការប្រកួតនៅរាត្រីនេះ នឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ ៕
ប្រភព៖ cambosport