ជំងឺអ៊ុតស្វាយ ជាធម្មតាជាជំងឺស្រាលទេ ប៉ុន្តែវាអាចនឹងធ្ងន់ធ្ងរ និងឈានដល់មានផលវិបាកបានជាពិសេសអ្នកដែលប្រឈមមុខខ្ពស់តែម្តង។
ផលវិបាករបស់វាមានដូចជា៖
• ការបង្ករោគដោយបាក់តេរីលើស្បែក ជាលិកាទន់ៗ ឆ្អឹង សន្លាក់ ឬចរន្តឈាម
• រលាកសួត
• រលាកខួរក្បាល
• ចង្កោមរោគសញ្ញាពុលស្យុក (Toxic Shock Syndrome)
• មានជំងឺ Reye’s Syndrome ចំពោះអ្នកដែលប្រើថ្នាំ Aspirin ក្នុងពេលមានជំងឺអ៊ុតស្វាយ
អ្នកដែលប្រឈមមុខខ្ពស់នឹងផលវិបាករបស់ជំងឺអ៊ុតស្វាយនោះមានដូចជា៖
• ទារកទើបនឹងកើតពីម្តាយដែលមិនធ្លាប់មានជំងឺអ៊ុតស្វាយ ឬចាក់វ៉ាក់សាំងជំងឺនេះ
• មនុស្សពេញវ័យ
• ស្ត្រីមានផ្ទៃពោះដែលមិនធ្លាប់មានជំងឺអ៊ុតស្វាយ
• អ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយដោយការប្រើថ្នាំមហារីក ឬមានជំងឺអេដស៍ ឬមហារីក
• អ្នកប្រើថ្នាំ Steroid ព្យាបាលជំងឺដូចជា ជំងឺហឺត
• អ្នកប្រើថ្នាំទប់ស្កាត់ប្រព័ន្ធភាពស៊ាំ
ផលវិបាកផ្សេងៗទៀតនៃជំងឺអ៊ុតស្វាយក៏អាចប៉ះពាល់ដល់ស្ត្រីមានផ្ទៃពោះដែរ។ ជំងឺអ៊ុតស្វាយដែលកើតឡើងក្នុងភាពមានផ្ទៃពោះនោះ អាចនាំឱ្យមានបញ្ហាច្រើនដល់ទារកក្នុងផ្ទៃដូចជា កូនកើតមិនគ្រប់ទម្ងន់ និងកើតមកខូចអវៈយវៈដូចជា ដៃជើងមិនធម្មតា។ អ្វីដែលជាការគម្រាមគំហែងដល់ទារកខ្លាំងជាងនេះទៀត គឺម្តាយកើតជំងឺអ៊ុតស្វាយនៅមួយសប្តាហ៍មុនពេលសម្រាលកូន។ នោះហើយគឺជាការគម្រាមគំហែងធ្ងន់ធ្ងរដល់ទារក។
បើសិនជាអ្នកមានផ្ទៃពោះ និងមិនទាន់មានប្រព័ន្ធភាពស៊ាំនឹងជំងឺអ៊ុតស្វាយទេនោះ ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីការប្រឈមមុខនេះចំពោះអ្នក និងកូនមិនទាន់កើតទៅ៕
ប្រភព៖ health