ក្រោយពីស៊ុតបាល់បញ្ចូលទីបីគ្រាប់នៅពេលប្រកួតជាមួយនឹងក្រុម Bournemouth ខ្សែប្រយុទ្ធ Raheem Sterling របស់ក្រុម Raheem Sterling បានកំណត់គោលដៅដ៏ធំមួយដោយចាប់ពីជាមួយនឹងការប្រកួតក្របខ័ណ្ឌ Champions League នារាត្រីនេះក្នុងផ្ទះខ្លួនឯងជាមួយនឹងក្រុម Sevilla ដែលជាម្ចាស់ជើងឯក Europa League។
Sterling បានជួយឲ្យ Man City ទទួលជ័យជម្នះ ៥-១ លើក្រុម Bournemouth កាលពីថ្ងៃសៅរ៍ក្នុងការបង្ហាញពីទម្រង់លេងដ៏ល្អបំផុតរបស់ពួកគេ បើគិតចាប់ពីផ្ទេរមកពីក្លិប Liverpool ក្នុងកិច្ចព្រមព្រៀងគ្នាមួយដែលអាចនឹងកើនដល់តម្លៃខ្លួន៤៩លានផោន (ស្មើនឹង៧៥,៥លានដុល្លារអាមេរិក)។
ខណៈដែលខ្សែប្រយុទ្ធ Wilfried Bony ក៏បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ដែរនោះ ក្រុមរបស់លោក Manuel Pellegrini បានអវត្តមានខ្សែប្រយុទ្ធ Sergio Aguero និងខ្សែបម្រើ David Silva ប៉ុន្តែ នៅមុនពេលការប្រកួតពីរលើកជាប់ៗគ្នាជាមួយនឹងក្រុម Sevilla និង Manchester United ខ្សែប្រយុទ្ធ Sterling ដឹងថា ផ្លូវរបស់ក្រុម Man City កាន់តែមានភាពស្វិតស្វាញ។
ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះបានប្រាប់គេហទំព័ររបស់ ក្លិបថា៖ «នោះគឺជាការប្រកួតដ៏ល្អបំផុតរបស់ខ្ញុំសម្រាប់ Man City។ ខ្ញុំមានឱកាសជាច្រើន ហើយខ្ញុំធ្វើបានសម្រេច ហេតុនេះ ខ្ញុំពិតជារីករាយណាស់។ ចលនានៅតំបន់ប្រយុទ្ធ និងការបញ្ជូនបាល់ពីតំបន់បម្រើ ពិតជាល្អណាស់ក្នុងការប្រកួតប៉ុន្មានលើកចុងក្រោយនេះហើយយើងលេងបានយ៉ាងល្អ»។
ក្រោយពីផ្តួលក្រុម Newcastle United ៦-១ មុននឹងសម្រាកសម្រាប់ការប្រកួតអន្តរជាតិ Man City បច្ចុប្បន្ន បានស៊ុតបាល់បញ្ចូលទី១១គ្រាប់ក្នុងការប្រកួត២លើក ប៉ុន្តែ ការនាំយកទម្រង់លេងក្នុងការប្រកួតលីកទៅកាន់យុទ្ធនាការប្រចាំទ្វីប បានក្លាយជាចំណុចដ៏កង្វល់មួយក្នុងប៉ុន្មានរដូវកាលថ្មី ៗនេះ។ ការប្រកួតនៅរាត្រីនេះ នឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕
ប្រភព៖ cambosport