ខ្សែបម្រើអន្តរជាតិបែលហ្ស៊ិកដ៏ឆ្នើម Kevin De Bruyne បានឃើញការប្រកួតរបស់ក្រុម Manchester City ក្នុងផ្ទះខ្លួនឯងជាមួយនឹងក្រុម Sevilla បញ្ចប់ទាំងភាពរីករាយក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ ខណៈដែលក្រុម Paris Saint-Germain បានបញ្ចប់ក្នុងត្រឹមលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុមម្ចាស់ជើងឯក១០សម័យកាល Real Madrid ។
គ្រាប់បាល់ស៊ុតបញ្ជូលទីនៅជិតបញ្ចប់ការប្រកួតរបស់ De Bruyne បានជួយឲ្យ Man City ទទួលជ័យជម្នះ ២-១ នៅពេលប្រកួតជាមួយនឹងក្រុមម្ចាស់ជើងឯក Europa League របស់អេស្ប៉ាញមួយនេះ ដើម្បីធ្វើឲ្យឱកាសនៃការឈានទៅកាន់វគ្គ១៦ក្រុមចុងក្រោយពីពូល D កាន់តែល្អប្រសើរ។
ការប្រកួតដ៏ស្វិតស្វាញមួយនៅកីឡដ្ឋាន Etihad ហាក់ស្ទើរតែត្រូវបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ទៅហើយ ក្រោយពីការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់កីឡាករ Adil Rami បានតាមស្មើគ្រាប់បាល់បញ្ចូលទីនៅនាទី ទី៣០របស់កីឡាករ Yevhen Konoplyanka សម្រាប់ក្រុម Sevilla ប៉ុន្តែ De Bruyne បានទទួលបាល់ពីការបញ្ជូនរបស់កីឡាករ Yaya Toure និងបានស៊ុតបាល់ដោយជើងឆ្វេងរបស់គេចូលទីយ៉ាងល្អតែម្តងនៅនាទី បន្ថែម។
ក្រុមរបស់លោក Manuel Pellegrini បានឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ២ ដោយដេញតាមពីក្រោយក្រុម Juventus មួយពិន្ទុ ក្រោយពីក្រុមយក្សរបស់ក្របខ័ណ្ឌ Serie A មួយនេះ បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុម Borussia Moenchengladbach ក្នុងទីក្រុង Turin។
លោក Pellegrini បានឲ្យដឹងថា៖ «យើងលេងបានល្អប្រសើរបន្តិចក្នុងរយៈពេល១០នាទីចុងក្រោយ ហើយយើងមានបុគ្គលិកលក្ខណៈក្នុងការឈ្នះការប្រកួតនេះ»៕
ប្រភព៖ Channel News Asia , cambosport