Sergio Aguero បានបង្ហោះរូបថត selfies មួយសន្លឹកជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីអង់គ្លេស David Cameron នៅទីលានហ្វឹកហាត់របស់ក្រុម Manchester City ដែលបង្កជាចម្ងល់កាន់តែខ្លាំងថា ថ្នាក់ដឹកនាំកំពូល២នាក់នេះជាអ្នកគាំទ្ររបស់មេឃខៀវឬយ៉ាងណា។
ប្រធានាធិបតីចិន ស៊ី ជីនពីង បានផ្តើមធ្វើទស្សនកិច្ចរយៈពេល៤ថ្ងៃ នៅប្រទេសអង់គ្លេសតាំងពីថ្ងៃអង្គារទី២០តុលា ហើយរហូតដល់ម្សិលមិញនេះ លោក និង នាយករដ្ឋមន្ត្រីអង់គ្លេសបានធ្វើដំណើរទៅមើលការហ្វឹកហាត់របស់ក្រុម Man City ផ្ទាល់។
ការធ្វើដំណើរទៅនេះដែរ គឺអមដោយអតីតកីឡាករចិនម្នាក់ឈ្មោះ Sun Jihai ដែលធ្លាប់លេងនៅទីនោះនិងជាកីឡាករចិនដំបូងគេដែលរកគ្រាប់បាល់ បាននៅលីកកំពូលអង់គ្លេស។ ក្នុងឱកាសនោះដែរ Aguero បានសុំបុរសខ្លាំងទាំងពីរថតរូបជុំគ្នាមួយសន្លឹក ហើយបង្ហោះតាមបណ្ដាញសង្គមនានា ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងតែម្ដង។
គ្មានប្រភពច្បាស់ការណាមួយ បានចេញមកបញ្ជាក់ថាប្រធានាធិបតីចិនខាងលើជាអ្នកគាំទ្រ Man City នោះទេ ប៉ុន្តែអ្នកដែលស្និទ្ធនឹងលោកបានបញ្ជាក់ថា បុរសខ្លាំងនៅអាស៊ីរូបនេះចូលចិត្តមើលក្រុមមេឃខៀវជាងគេនៅ អង់គ្លេស។
ក្រោយពីចូលមើលក្រុម Man City ហើយ លោក ស៊ី ជីនពីង និង Cameron ក៏ចូលទៅមើលសារមន្ទីរបាល់ទាត់ផងដែរ ដើម្បីទៅមើលបាល់ដំបូងគេ ដែលប្រើក្នុងការប្រកួតបានរង្វាន់ World Cup ៕
ប្រភព៖ dailymail , sabay