យើងតែងឃើញគេកាច់ ឬទាញដកម្រាមដៃម្រាមជើង បន្លឺជាស្នូរឮប្រសៗ ជាពិសេសនៅពេលធ្វើសរសៃម្តងៗ ហើយយើងបានទាំងធ្វើតាមគេទៀតផង។ ក៏ប៉ុន្តែយើងមិនបានដឹងថា តើការធ្វើបែបនេះ វាល្អចំពោះសុខភាពដែរឬយ៉ាងណានោះទេ។
ហេតុអ្វីបានជាគេចូលចិត្តកាច់ ឬដកម្រាមដៃម្រាមជើង?
ការចូលចិត្តកាច់ ឬដកម្រាមដៃម្រាមជើងបានក្លាយទៅជាទម្លាប់មួយ ដែលអ្នកខ្លះនិយាយថាការធ្វើបែបនេះធ្វើឱ្យគេបានធូរស្បើយអារម្មណ៍បាន។ ខ្លួនខ្ញុំផ្ទាល់ធ្លាប់បានជួបសិស្សជាច្រើន ដែលកាលណាមិនអាចឆ្លើយសំណួរបាន បានកាច់ម្រាមដៃប្រសៗ ជាវិធីដោះទាល់។
តើអ្វីដែលធ្វើឱ្យឮស្នូរប្រសៗ?
នៅក្នុងសន្លាក់ឆ្អឹងនីមួយៗមានទឹកសន្លាក់ (le fluide synovial) ដែលដើរតួជាប្រេងរំអិលសម្រាប់បង្ការការប៉ះទង្គិចខ្លាំងផ្សេងៗ។ កាលណាយើងកាច់ ឬដកម្រាមដៃម្រាមជើង យើងបានធ្វើឱ្យមានចន្លោះចំហមួយ ដែលទឹកសន្លាក់រត់ទៅរក រួចហើយក៏បន្លឺសម្លេងប្រសៗទៅ។
តើការធ្វើបែបនេះធ្វើឱ្យមានការរលាកសន្លាក់ដែរឬទេ?
បើតាមការសិក្សារបស់ American Board of Family Medicine ដែលបានធ្វើការអង្កេតលើមនុស្សចំនួន២០០នាក់ ជម្ងឺរលាកសន្លាក់គ្មានអ្វីទាក់ទងជាមួយនឹងទង្វើខាងលើនេះទេ។
ចុះតើនឹងមានអ្វីកើតឡើងដែរ?
ការសិក្សាបានបង្ហាញថា ថ្វីបើការកាច់ឬទាញដកម្រាមដៃមិនបង្កឱ្យមានការរលាកសន្លាក់ យ៉ាងណាក្តី ក៏ប៉ុន្តែវាអាចធ្វើឱ្យដៃហើម ហើយកាត់បន្ថយកម្លាំងចាប់កាន់អ្វីៗ។ ម្យ៉ាងទៀត បើសិនជាប្រព្រឹត្តវាជាប់ទៅ សរសៃពួរដែលចងភ្ជាប់ឆ្អឹងអាចនឹងយឺត ធ្វើឱ្យដៃទៅជាលែងរឹងមាំបាន។ មានរបាយការណ៍មួយនៅក្នុងឆ្នាំ២០០០ អំពីយុវជនម្នាក់ដែលឧស្សាហ៍កាច់ម្រាមដៃជាប្រចាំ ថាមានលេចជាពកនៅលើម្រាមដៃ ដែលធ្វើឱ្យបាត់អស់នូវសោភ័ណភាព។
បើផ្អែកទៅលើការអធិប្បាយខាងលើ វាគ្មានផលល្អអ្វីនឹងកាច់ឬដកម្រាមដៃម្រាមជើងនោះទេ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់លើម្រាមដៃម្រាមជើងបាន៕
ប្រភព៖ health