គ្រាប់ផ្កាឈូករ័ត្ន អាចប្រើជាអាហាសម្រន់ដ៏អស្ចារ្យមួយបាន ប៉ុន្តែ ភាពផ្អែមរបស់វា ក៏អាចផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពយ៉ាងល្អមួយចំនួន ផងដែរ។ គ្រាប់ផ្កាឈូករ័ត្ន សម្បូរទៅដោយជីវជាតិខ្ពស់ ព្រមទាំងផ្តល់នូវការផ្សំគ្នាដ៏អស្ចារ្យនៃជាតិរ៉ែ វីតាមីន និងខ្លាញ់អាស៊ីតដ៏សំខាន់ៗទៀតផង។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួនពីការញ៉ាំគ្រាប់ផ្កាឈូករ័ត្ន ៖
ដើរតួនាទីជាសារធាតុប្រឆាំងការរលាក
គ្រាប់ផ្កាឈូករ័ត្នសម្បូរទៅដោយវីតាមីន E ដែលមានមុខងារជាសារធាតុប្រឆាំងនឹងការរលាក ព្រមទាំងមានតួនាតីជាអង់ទីអុកស៊ីដង់ថែមទៀត។ ការញ៉ាំគ្រាប់ផ្កាឈូករ័ត្នអាចបំបាត់រោគសញ្ញានៃជំងឺរលាកឆ្អឹងខ្ចី ក្នុងសន្លាក់ ជំងឺហឺត និងជំងឺរលាកសន្លាក់រ៉ាំរ៉ៃទៀតផង។
ល្អសម្រាប់ឆ្អឹង
អ្នកត្រូវការជាតិម៉ាញ៉េស្យូម ព្រមទាំងកាល់ស្យូម ដើម្បីថែរក្សាឆ្អឹងអោយមានសុខភាពល្អ ហើយគ្រាប់ផ្កាឈូករ័ត្ន គឺជាប្រភពដ៏ល្អមួយនៃជីវជាតិនេះ។ ជាតិម៉ាញ៉េស្យូម នឹងផ្តល់នូវរចនាសម្ព័ន្ធសម្រាប់ឆ្អឹង ទាំងក្នុងឆ្អឹង និងផ្ទៃរបស់ឆ្អឹង ហើយវាក៏ត្រូវបានរក្សាទុករហូតដល់រាងកាយត្រូវការប្រើវានៅ ថ្ងៃក្រោយទៀតដែរ។
អាចជួយការពារជំងឺមហារីកបាន
គ្រាប់ផ្កាឈូករ័ត្ន ផ្ទុកទៅដោយសារធាតុ Phytosterol និង Lignans ដ៏ច្រើន ដែលអាចជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីកមួយចំនួនដែរ។ សារធាតុមួយនេះនឹងទៅទប់ស្កាត់ការលូតលាស់របស់កោសិកាមហារីកក្នុងរាងកាយ។
ជួយទប់ស្កាត់ភាពចាស់
អត្ថប្រយោជន៍ចំពោះសុខភាពរបស់គ្រាប់ផ្កាឈូករ័ត្ន ក៏មានការប្រឆាំងនឹងភាពចាស់ដែរ។ វីតាមីន E និងសារធាតុ Beta carotene ដែលមានក្នុងគ្រាប់ផ្កាឈូករ័ត្ន សុទ្ធតែមានប្រសិទ្ធភាពក្នុងការថែរក្សាស្បែកអោយនៅក្មេង និងស្រស់ស្រាយទាំងអស់។ សារធាតុ Beta-carotene ធ្វើអោយស្បែកមិនសូវមានប្រតិកម្មនឹងពន្លឺព្រះអាទិត្យ ហើយវីតាមីន E ជាអ្នកជួយការពារស្បែកពីការខូចខាតដោយរ៉ាឌីកាល់សេរី ព្រមទាំងបង្ការកុំអោយមានសម្លាក និងស្បែកជ្រីវជ្រួញ។
ជួយសក់កុំអោយស្តើង
គ្រាប់ផ្កាឈូករ័ត្ន ផ្ទុកទៅដោយវីតាមីន B6 ដែលត្រូវបានគេដឹងថា ជាអ្នកជួយបង្កើនការផ្គត់ផ្គង់អុកស៊ីសែនទៅស្បែកក្បាល ដូច្នេះ វានឹងជួយធ្វើអោយលូតលាស់សក់ថ្មីៗ សុខភាពល្អ ហើយបន្ថយការជ្រុះសក់ថែមទៀត។ វាក៏ផ្ទុកទៅជាតិទង់ដែងផងដែរ សម្រាប់ថែរក្សាពណ៌របស់សក់។
ជួយអោយស្បែកទន់រលោង
ការទទួលទានគ្រាប់ផ្កាឈូករ័ត្ន អាចជួយអោយស្បែកទៅជាទន់រលោងបាន ព្រោះវាគឺជាប្រភពនៃអាស៊ីតខ្លាញ់សំខាន់ៗដ៏អស្ចារ្យ សម្រាប់បង្កើនការផលិតនៃសារធាតុ Elastin និង Collagen ដែលធ្វើអោយស្បែករលោង និងទន់តែម្តង។
ទប់ស្កាត់ជំងឺមុន
សារធាតុអាស៊ីតខ្លាញ់ដូចគ្នា ដែលមាននាទីទៅបង្កើត Collagen និង Elastin នោះ ក៏មានសមាសធាតុប្រឆាំងនឹងបាក់តេរីផងដែរ។ ការញ៉ាំគ្រាប់ផ្កាឈូករ័ត្ន អាចជួយសម្រួលដល់រូបរាងខាងក្រៅនៃជំងឺមុន ឬអាចប្រើសម្រាប់លាបលើមុនក៏បានដែរ ជាមួយនឹងប្រេងគ្រាប់ផ្កាឈូករ័ត្ន៕