ពេលអង្គុយនៅលើកៅអី យើងច្រើនតែដាក់ជើងគងលើគ្នា លើកលែងតែមាននរណាម្នាក់ដែលចាស់ជាង ឬមានឋានៈខ្ពស់ជាងយើងដើរកាត់ បើពុំនោះទេគេនឹងនិយាយថាយើងព្រហើន។
មានការនិយាយថា ការអង្គុយគងជើងគ្នា ឬអង្គុយគងអន្ទាក់ខ្លាអាចធ្វើឱ្យសរសៃវ៉ែននៅជើងរីកធំ សម្ពាធឈាមកើន និងប៉ះពាល់ដល់បេះដូងទៀតផង។ តើរឿងនេះវាពិតដែរឬទេ?
1. បើតាមលោកវេជ្ជបណ្ឌិត Dr. Jon Modrall នៃសាកលវិទ្យាល័យ University of Arkansas for Medical Sciences ការហើមសរសៃវ៉ែនមិនមែនកើតចេញមកពីការអង្គុយគងជើងគ្នានោះទេ។ វាប្រហែលជាកើតឡើងដោយសារកត្តាផ្សេងទៅវិញទេ ដូចជាវ័យកាន់តែចាស់ ធាត់ពេក មានគភ៌ ជាដើម។
2. ការសិក្សាមួយនៅក្នុងឆ្នាំ២០០៧ បានបង្ហាញថា ការអង្គុយគងជើងគ្នាធ្វើឱ្យឈាមហូរច្រាលឡើងលើ បណ្តាលឱ្យសម្ពាធឈាមកើនឡើង ហើយអាចមានផលប៉ះពាល់ទៅដល់បេះដូង បានដែរ។
3. ការអង្គុយគងជើងគ្នាអាចបង្កការលំបាកដល់ចលនាឈាមរត់ ដូចជាការអង្គុយចោងហោងដែរ។ អ្វីដែលសំខាន់ គឺការអង្គុយបែបនេះមានការប៉ះពាល់ទៅដល់សរសៃ peroneal nerve ដែលស្ថិតនៅពីខាងក្រោយក្បាលជង្គង់ រួចធ្វើឱ្យស្ពឹកស្រពន់ជើង។ ក៏ប៉ុន្តែការស្ពឹកស្រពន់នេះនឹងបាត់ទៅវិញ បើគេឈប់អង្គុយគងជើង ឬអង្គុយចោងហោង។
សរុបសេចក្តីមក ការអង្គុយគងជើងគ្នា ឬអង្គុយគងអន្ទាក់ខ្លាអាចមានផលប៉ះពាល់ខ្លះដល់ចលនាឈាមរត់ និងធ្វើឱ្យសម្ពាធឈាមកើនឡើងបាន ក៏ប៉ុន្តែវាមិនជាធ្ងន់ធ្ងរណាស់ណាទេបើសិនជាមិនជាយូរពេក។
បើទោះជាយ៉ាងណាក្តី ការអង្គុយឬឈរក្នុងស្ថានភាពល្អ វាប្រសើរជាង ព្រោះមិនប៉ះពាល់ដល់ចលនាឈាមរត់ លើកកម្ពស់ចលនាសាច់ដុំ ហើយក៏អាចជួយដល់សុខភាពផ្លូវចិត្តផងដែរ។ បើគិតពីផ្លូវសីលធម៌វិញ ការអង្គុយមិនដាក់ជើងគងលើគ្នាហាក់ដូចជាគួរសមជាង៕
ប្រភព៖ health