គ្រូបង្វឹកថ្មីរបស់ហង្សក្រហម Liverpool លោក Jurgen Klopp បានអះអាង ក្រុមត្រូវរួមគ្នាបញ្ឈប់ភាពភ័យខ្លាច ដែលកំពុងរុំព័ទ្ធ គ្រប់ពេលដែលមានរឿងប្រឆាំងនឹងពួកគេ។
ខ្សែប្រយុទ្ធ Christian Benteke តែតបាល់បញ្ចូលទីបានសម្រេចមួយគ្រាប់ មកលើក្លឹប Southampton នៅកីឡដ្ឋាន Anfield ត្រៀមសាទរជ័យជម្នះដំបូងសម្រាប់ លោក Klopp ប៉ុន្តែបែរជាជួបខកចិត្តវិញ ក្រោយខ្សែប្រយុទ្ធរបស់គូរប្រកួត Saido Mene តាមស្មើមកវិញ នៅជិតបញ្ចប់ការប្រកួត។
គ្រូបង្វឹកវ័យ ៤៨ ឆ្នាំរូបនេះបានថ្លែងថា «ខ្ញុំមិនយល់ចំពោះសម្ពាធទាំងនេះ ប៉ុន្តែកូនក្រុមរបស់ខ្លួនមានវា ពួកយើងត្រូវសម្រួលវាចោល។ ខ្ញុំសង្ឃឹមថា ខ្ញុំមិនមែនត្រឹមតែជាមនុស្សម្នាក់នៅក្នុងកីឡដ្ឋាននេះ ដែលគិតថា នេះមិនមែនជាចុងបញ្ចប់នៃពិភពលោកទេ។ ពួកយើងអាចធ្វើការលើរឿងនេះ»។
គ្រូបង្វឹកក្លឹប Dortmund សញ្ជាតិអាល្លឺម៉ង់ ដែលមកជំនួសលោក Brendan Rodgers កាលពីដើមខែនេះ មានជំនឿជឿជាក់ថា គាត់បានមើលឃើញសញ្ញានៃភាពរីកចម្រើន ចំពោះកីឡាកររបស់គាត់។
លោក Klopp សង្ឃឹមទទួលបានជ័យជម្នះរបស់លោកជាលើកដំបូង ខណៈដែល Liverpool នឹងជួបជាមួយ Bounemouth នៅទឹកដី Anfield នៅថ្ងៃពុធនេះ ក្នុងក្របខណ្ឌ Capital One Cup ជុំទី ៤ ៕
ប្រភព៖ BBC , cambosport